ការសិក្សាពីកូរ៉េ៖ ៩នាក់ ក្នុងចំណោម ១០នាក់ ដែលធ្លាប់កើតជំងឺកូវីដ១៩ បានជួបប្រទះនូវផលប៉ះពាល់ទាំងនេះ បន្ទាប់ពីពួកគេបានជាសះស្បើយពីជំងឺនេះ
មនុស្ស ៩នាក់ ក្នុងចំណោម ១០នាក់ នៃអ្នកដែលមានជំងឺ COVID-19 មានការជួបប្រទះនូវផលប៉ះពាល់ដូចជា៖ ការអស់កម្លាំង ប៉ះពាល់ផ្លូវចិត្ត និង បាត់បង់ក្លិននិងរសជាតិ បន្ទាប់ពីពួកគេបានជាសះស្បើយពីជំងឺ នេះបើយោងតាមការសិក្សាបឋមរបស់ប្រទេសកូរ៉េខាងត្បូង។ ការសិក្សាត្រូវបានគេរាយការណ៍ ស្របពេលដែលពិភពលោកបានបាត់បង់មនុស្សចំនួន ១លាននាក់ ដោយសារតែជំងឺ ហើយវាបានធ្វើឱ្យប្រព័ន្ធសុខាភិបាល និងជីវិតប្រចាំថ្ងៃមានការប្រែប្រួលយ៉ាងខ្លាំង។

មន្រ្តីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) លោក Kwon Jun-wook បាននិយាយថា នៅក្នុងការស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកជំងឺ ៩៥៦នាក់ គេបានរកឃើញអ្នកជំងឺ COVID-19 ចំនួន ៨៧៩នាក់ ឬ ៩១.១% បានឆ្លើយតបថា ពួកគេកំពុងជួបប្រទះនូវផលប៉ះពាល់ពីជំងឺនេះ។ ភាពអស់កម្លាំងគឺជាផលរំខានទូទៅបំផុត ដោយមាន ២៦.២% បន្ទាប់មកការលំបាកក្នុងការផ្តោតអារម្មណ៍មាន ២៤.៦%។ ផលប៉ះពាល់ផ្សេងទៀតរួមមាន៖ ផលប៉ះពាល់ខាងផ្លូវចិត្ត និងការបាត់បង់រសជាតិ ឬក្លិន។
លោក Kwon Jun-wook បានបន្ថែមថា លោក Kim Shin-woo សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៃសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យវេជ្ជសាស្ត្រ Kyungpook នៅទីក្រុងដេហ្គូ ក៏បានស្វែងរកមតិពីអ្នកជំងឺដែលបានជាសះស្បើយចំនួន ៥,៧៦២នាក់ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយ ១៦.៧% នៃពួកគេបានចូលរួមក្នុងការស្ទង់មតិនេះផ្ទាល់។ លោកបាននិយាយថា ខណៈដែលការស្រាវជ្រាវត្រូវបានធ្វើតាមអ៊ិនធឺណេត សម្រាប់ពេលនេះ អ្នកស្រាវជ្រាវ Kim Shin-woo នឹងចេញផ្សាយការសិក្សានេះជាមួយនឹងការវិភាគលម្អិតពេលក្រោយទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia