ប្រទះឃើញស្ត្រីម្នាក់អណ្ដែតនៅលើផ្ទៃទឹកសមុទ្រទាំងនៅរស់មានជីវិត ក្រោយបាត់ខ្លួនពីផ្ទះអស់រយៈពេល ២ ឆ្នាំ (មានវីដេអូ)
កូឡុំប៊ី៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតនៅលើផ្ទៃទឹកសមុទ្រនៅក្នុងប្រទេសកូឡុំប៊ីទាំងនៅរស់មានជីវិតនៅឡើយ បន្ទាប់ពីស្រ្តីរូបនេះបានបាត់ខ្លួនពីផ្ទះអស់រយៈពេល ២ ឆ្នាំ។ សារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ Angelica Gaitan អាយុ៤៦ឆ្នាំ ធ្លាប់មានប្តីនិងកូនស្រីផងដែរ ហើយកាលពី ២ ឆ្នាំមុនគាត់បានសម្រេចរត់ចេញពីផ្ទះព្រោះតែមិនអាចទ្រាំនឹងការប្រើអំពើហិង្សានិងការរំលោភបំពានគ្រប់បែបយ៉ាងពីសំណាក់បុរសជាប្តីអស់រយៈពេល ២០ ឆ្នាំ។ ក្នុងរយៈពេល ២ឆ្នាំមកនេះគ្មានសមាជិកគ្រួសារណាម្នាក់បានទទួលដំណឹងថា ស្រ្តីរងគ្រោះស្នាក់នៅទីណា ស្លាប់ ឬ នោះទេ តែបើតាមសាធារណៈជនមួយចំនួនបានឲ្យដឹងថា គេធ្លាប់បានឃើញស្ត្រីរងគ្រោះរស់នៅក្នុងតំបន់ក្រីក្រជាច្រើនកន្លែងនិងរស់នៅក្នុងលក្ខខណ្ឌយ៉ាងលំបាកបំផុតផងដែរ។

ស្ត្រីរងគ្រោះបានឲ្យដឹងថាព្រោះតែអស់សង្ឃឹមក្នុងជីវិតនៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅលោតទឹកសមុទ្រដើម្បីសម្លាប់ខ្លួន តែសំណាងល្អមានអ្នកនេសាទម្នាក់បានជួយស្រង់យកគាត់មកវិញ ខណៈគាត់ជិតដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបានជួយសង្គ្រោះស្រ្តីរងគ្រោះអាជ្ញាធរបានជូនដំណឹងទៅកាន់គ្រួសាររបស់គាត់ដើម្បីឲ្យមកទទួលគាត់ទៅវិញ ហើយខាងគ្រួសាររបស់គាត់បានច្រានចោលនូវព័ត៌មានដែលថាស្រ្តីរងគ្រោះធ្លាប់ទទួលរងនូវអំពីហឹង្សាពីសំណាក់បុរសជាប្តី ខណៈស្រ្តីរងគ្រោះមិនចង់ត្រលប់ទៅផ្ទះវិញនោះទេព្រោះគាត់អះអាងថា គាត់ទទួលរងនូវការរំលោភបំពានឆ្អែតឆ្អន់ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ៕




អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail