អង្គការសហប្រជាជាតិបានព្រមានអំពីការវាយប្រហារតាមអ៊ីនធឺណេតរបស់កូរ៉េខាងជើង ខណៈដែលអ្នកការទូតជាច្រើនរងការវាយប្រហារពីពួកគេ
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមវាយប្រហារតាមអ៊ិនធឺណេត (cyberattack) លើក្រុមអ្នកការទូតក្រុមប្រឹក្សាសន្តិសុខ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសនេះ។ របាយការណ៍របស់ក្រុមអ្នកជំនាញបាននិយាយថា យ៉ាងហោចណាស់មានមន្រ្តីចំនួន ១១នាក់ ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអ៊ីនធឺណេតរបស់កូរ៉េខាងជើងនៅឆ្នាំនេះ។

របាយការណ៍បាននិយាយថា ក្រុមមន្រ្តីបានទទួលអ៊ីម៉ែលជាមួយនឹងការដាស់តឿនសន្តិសុខក្លែងក្លាយ ដោយណែនាំពួកគេឱ្យចុចលើតំណភ្ជាប់ដែលមាននៅក្នុងអ្វីដែលត្រូវបានគេស្គាល់ថាជាការវាយប្រហារ «Phishing»។ របាយការណ៍បាននិយាយថា សារស្រដៀងគ្នានេះក៏ត្រូវបានផ្ញើទៅគណនី WhatsApp ផ្ទាល់ខ្លួនរបស់មន្ត្រីទាំងនោះដែរ។
ដោយដកស្រង់ព័ត៌មានពីសមាជិកក្រុមប្រឹក្សាសន្តិសុខបានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានគេគិតថា បានធ្វើឡើងដោយក្រុមហេកឃឺរស្ថិតនៅក្រោមការិយាល័យស៊ើបអង្កេតទូទៅរបស់កូរ៉េខាងជើង។ របាយការណ៍បាននិយាយថា ការវាយលុកលើក្រុមប្រឹក្សាសន្តិសុខ និងក្រុមអ្នកជំនាញ គឺជាការគេចចេញពីការដាក់ទណ្ឌកម្ម នេះគឺដោយមើលទៅលើលក្ខណៈនៃការវាយលុក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK