ប្រទេសបារាំងនឹងហាមឃាត់ការប្រើប្រាស់សត្វព្រៃ និងសត្វក្នុងទឹកនៅក្នុងការសម្តែងផ្សេងៗ ហើយផ្ដល់ជំនួយឱ្យពួកគេប្ដូរទៅរកគំរូអាជីវកម្មថ្មី
រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសបារាំងនឹងហាមឃាត់ការប្រើប្រាស់សត្វព្រៃនៅក្នុងការសម្តែង ក៏ដូចជាការសម្ដែងរបស់ត្រីបាឡែន និងការសម្ដែងរបស់ផ្សោត ហើយនឹងហាមឃាត់ការធ្វើកសិកម្មសម្រាប់រោមសត្វផងដែរ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកស្រី Barbara Pompili បានប្រាប់សន្និសីទសារព័ត៌មានថា ការផ្លាស់ប្តូរនេះនឹងចំណាយពេលច្រើនឆ្នាំ ហើយការសម្ដែងរបស់សត្វដែលមានស្រាប់ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលដើម្បីប្តូរទៅជាគំរូថ្មីវិញ។

លោកស្រីបាននិយាយថា វិធានការណ៍នេះនឹងប៉ះពាល់ដល់សៀកចំនួន ៨០ ដែលមានសត្វប្រមាណ ២៣០ រួមមានឆ្មាធំ ដំរី ដំរីទឹក ឆ្កែចចក និងសត្វដទៃទៀត។ ប្រទេសបារាំងដែលកំពុងមានអាងសត្វផ្សោតចំនួន ៣ ក៏នឹងធ្វើការហាមឃាត់មិនឱ្យមានអាងថ្មីផងដែរ ខណៈអាងដែលមានស្រាប់ត្រូវតែបិទទៅវិញក្នុងរយៈពេលពី ៧ ទៅ ១០ឆ្នាំ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋក៏នឹងផ្តល់កញ្ចប់ជំនួយចំនួនជាង ៨ លានអឺរ៉ូ (៩.៣៦ លានដុល្លារ) ដើម្បីជួយអ្នករកស៊ីលើកម្លាំងសត្វទាំងនោះឱ្យប្តូរទៅរកគំរូអាជីវកម្មថ្មីវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ US News