ឃាត់ខ្លួនប៉ូលិសឥណ្ឌា៤នាក់ ក្រោយចាប់កញ្ឆាបាន១៦០គីឡូក្រាម តែធ្វើរបាយការណ៍ថាចាប់បានតែ១គីឡូក្រាម ហើយនៅសល់ទុកលក់ចែកលុយគ្នា
ឥណ្ឌា៖ ប៉ូលិសឥណ្ឌាចំនួន ៤ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីទទួលសំណូកពីឈ្មួញគ្រឿងញៀននិងចែកចាយបន្តនូវគ្រឿងញៀនដែលពួកគាត់រឹបអូសបានការបង្រ្កាបករណីជួញដូរគ្រឿងញៀន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ករណីប៉ូលិសចាប់ប៉ូលិសនេះបានកើតឡើងនៅក្នុងក្រុង Delhi ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពបានរៀបរាប់ហេតុការណ៍នេះថា នាពេលកន្លងប៉ូលិសទាំង ៤ នាក់ខាងលើបានទទួលភារកិច្ចចុះទៅបង្ក្រាបករណីគ្រឿងញៀនមួយ ដោយក្នុងបេសកម្មនោះពួកគេអាចចាប់ខ្លួនបានឈ្មួញគ្រឿងញៀនម្នាក់និងកញ្ឆាចំនួន ១៦០ គីឡូក្រាម។

យ៉ាងណាក្តី ប៉ូលិសទាំង ៤ នាក់នេះបានត្រូវរ៉ូវគ្នាមិនអនុវត្តច្បាប់ចំពោះករណីនេះឡើយ ដោយពួកគាត់បានសម្រេចដោះលែងឈ្មួញគ្រឿងញៀនជាថ្នូរនឹងការទទួលបានប្រាក់សំណូកយ៉ាងច្រើនយកមកចែកគ្នា។ ជាងនេះទៅទៀត ពួកគាត់បានរាយការណ៍ជូនថ្នាក់លើថា ពួកគេអាចរឹបអូសកញ្ឆាបានតែ ១ គីឡូក្រាមប៉ុណ្ណោះ ខណៈកញ្ឆាចំនួន ១៥៩ គីឡូក្រាមផ្សេងទៀត ត្រូវបានពួកគាត់យកទៅលក់យកលុយចែកគ្នាទៀត។ ក្រោយមកដោយមានការសង្ស័យចំពោះប៉ូលិសទាំង ៤ នាក់នេះ ទើបគេប្រើប៉ូលិសសង្ងាត់មួយក្រុមទៀតឲ្យតាមដានពួកគាត់ និងចុងក្រោយក៏បានរកឃើញការពិតដូចបានជម្រាបជូនខាងលើនេះតែម្តង។ តាមច្បាប់ប៉ូលិសទាំង ៤ នេះប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំនិងរងនូវការពិន័យជាប្រាក់យ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz