លោក Tedros Ghebreyesus៖ ផែនការវ៉ាក់សាំងជាសកលរបស់ WHO ពេលនេះ គឺមានប្រទេសនិងតំបន់ចំនួន ១៦៧ បានចូលរួម
ថ្លែងនៅឯព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសនិងតំបន់ចំនួន ១៦៧ បានចូលរួមក្នុងកម្មវិធីដែលដឹកនាំដោយ WHO សម្រាប់ការចែកចាយវ៉ាក់សាំងវ៉ាក់ប្រឆាំងជំងឺ COVID-19 ។ ក្នុងនោះផងដែរលោកក៏បានគត់សម្គាល់ថា ឥឡូវនេះចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 គឺមានដល់ ១ លាននាក់ហើយ។

លោក Tedros បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះ ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកបាននិយាយថា ប្រទេសនិងតំបន់ចំនួន ១៦៧ ដែលក្នុងនោះប្រជាជនប្រមាណ ៧០% នៃប្រជាជនពិភពលោក បានចូលរួមក្នុងកម្មវិធីនេះគិតត្រឹមថ្ងៃពុធ ហើយបញ្ជីកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
លោក Tedros ក៏បានព្រមានប្រឆាំងនឹងទង្វើរបស់ប្រទេសមួយចំនួន ដែលពួកគេបានប្រមូលទិញវ៉ាក់សាំងផ្តាច់មុខ ដោយនិយាយថា៖ «នេះគឺជាពេលដែលត្រូវនិយាយថាទេចំពោះជាតិនិយម ហើយចូលរួមដើម្បីមនុស្សជាតិទាំងមូលរបស់យើង»។ លោកក៏បានអំពាវនាវឱ្យមានថវិកាបន្ថែម សម្រាប់គំនិតផ្តួចផ្តើមវ៉ាក់សាំងនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK