ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្តឃាតក្នុងចំណោមស្ត្រីនៅជប៉ុន មានការកើនឡើងយ៉ាងគួរឱ្យបារម្ភក្នុងឆ្នាំនេះ

    BY autoadmin October 2, 2020
    អត្តឃាតក្នុងចំណោមស្ត្រីនៅជប៉ុន មានការកើនឡើងយ៉ាងគួរឱ្យបារម្ភក្នុងឆ្នាំនេះ

    ទិន្នន័យចងក្រងដោយប៉ូលីសជប៉ុនបង្ហាញថា ចំនួននៃការធ្វើអត្តឃាតក្នុងចំណោមស្ត្រីវ័យក្មេងបានកើនឡើងយ៉ាងខ្លាំង។ ទីភ្នាក់ងារប៉ូលីសជាតិនិយាយថា មានមនុស្សចំនួន ១,៨៥៤ នាក់ បានធ្វើអត្តឃាតនៅទូទាំងប្រទេសកាលពីខែសីហា។ នេះគឺជាការលោតឡើងបន្ថែម ២៥១នាក់ ឬ ១៦% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ចំនួនអ្នកធ្វើអត្តឃាតជាស្ត្រីបានកើនឡើង ៤០% បើធៀបនឹងបុរសមានការកើនឡើង ៦% ប៉ុណ្ណោះ។ តួលេខគឺខ្ពស់ជាពិសេសក្នុងចំណោមស្ត្រីក្នុងវ័យ ៣០ឆ្នាំ ឬក្មេងជាងនេះ ដោយមាន ១៩៣នាក់ បានសម្លាប់ខ្លួន ឬស្មើនឹងការកើនឡើង ៧៤% ។

    តាមសម្ដីបុគ្គលិកសុខុមាលភាពអាយុ ២៥ឆ្នាំម្នាក់ ដែលធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីខែកក្កដាថា នាងចង់ស្លាប់។ ស្ត្រីរូបនេះនិយាយថា ជំងឺរាតត្បាតឆ្លងរាលដាលបានរំខានដល់ការរស់នៅរបស់នាង និងមនុស្សនៅជុំវិញខ្លួន ធ្វើឱ្យពួកគេមានអារម្មណ៍បាក់ទឹកចិត្ត។ នាងនិយាយថា នាងចង់ឱ្យមនុស្សនៅជាប់នឹងមិត្តភក្តិ និងសមាជិកគ្រួសាររបស់ពួកគេ ហើយព្យាយាមរកមើលសញ្ញាដែលអាចបង្ហាញថា ពួកគេកំពុងមានគំនិតធ្វើអត្តឃាត។

    អ្នកស្រី Takahashi Satomi មកពីវិទ្យាស្ថានវិទ្យាសាស្ត្រវប្បធម៌នៃសាកលវិទ្យាល័យ Chuo ដែលជាអ្នកជំនាញលើបញ្ហានេះនិយាយថា ការកើនឡើងចំនួននៃការធ្វើអត្តឃាតអាចបណ្តាលមកពីការបាត់បង់ការងារ និងផលប៉ះពាល់ផ្សេងទៀតក្នុងអំឡុងមានជំងឺរាតត្បាត COVID-19 ។ គាត់និយាយថា ស្ត្រីវ័យក្មេងមានឱកាសតិចតួចក្នុងការស្វែងរកដំបូន្មានពីអ្នកនៅក្រៅគ្រួសារ ពីព្រោះពួកគេនៅតែផ្ទះមើលកូន និងធ្វើកិច្ចការផ្ទះ ដែលបង្កឱ្យមានភាពតានតឹង។

    លោកស្រីក៏បានកត់សម្គាល់ផងដែរថា ស្ត្រីងាយនឹងទទួលរងឥទ្ធិពលពីជំងឺ និងបញ្ហាផ្សេងៗទៀត។ លោកស្រី Takahashi មានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកំណត់មូលហេតុនៃការកើនឡើងនៃការធ្វើអត្តឃាតរបស់ស្ត្រីឱ្យបានឆាប់ និងធ្វើឱ្យប្រសើរឡើងនូវការពិគ្រោះយោបល់ និងប្រព័ន្ធដទៃទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: