ប៉ូលីស Interpol ចេញសេចក្តីជូនដំណឹងមួយ ដើម្បីតាមចាប់ខ្លួនចៅប្រុសសហស្ថាបនិកក្រុមហ៊ុន Red Bull ជាបន្ទាន់
ប៉ូលីស Interpol បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីតាមចាប់ខ្លួនចៅប្រុសរបស់សហស្ថាបនិកក្រុមហ៊ុន Red Bull ឈ្មោះ Vorayuth Yoovidhya ហៅ «Boss» ដែលបានជិះរថយន្តទំនើបរបស់ខ្លួនបុកប៉ូលីសម្នាក់ស្លាប់ និងរត់គេចខ្លួនបាត់កាលពីឆ្នាំ២០១២។ ការចោទប្រកាន់ប្រឆាំងនឹងលោក Vorayuth ត្រូវបានទម្លាក់ចោលកាលពីខែកក្កដា ដែលវាបានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈយ៉ាងខ្លាំងពីប្រជាជនថៃ ដែលបង្ហាញពីអំណាចរបស់អ្នកមាននៅក្នុងប្រទេសនេះ។

វាបានជំរុញការស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ រួមទាំងការិយាល័យអគ្គព្រះរាជអាជ្ញា ដែលកាលពីខែមុនបានចោទប្រកាន់បទចោទប្រកាន់ថ្មីៗទៅលើលោក Vorayuth ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងចំពោះការប្រើប្រាស់គ្រឿងញៀនកូកាអ៊ីន។ អ្នកនាំពាក្យរងប៉ូលិសជាតិលោកវរសេនីយ៍ឯក Kissana Pattanacharoen បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា សេចក្តីជូនដំណឹងបន្ទាន់មួយដែលជាការដាស់តឿនបន្ទាន់បំផុតរបស់ប៉ូលីសអន្តរជាតិ Interpol ត្រូវបានចេញនៅដើមសប្តាហ៍នេះ។
បន្ទាប់ពីការចោទប្រកាន់លើលោក Vorayuth ត្រូវបានទម្លាក់កាលពីខែកក្កដា ខណៈការស៊ើបអង្កេតមួយធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសន្និដ្ឋានថា ការស៊ើបអង្កេតពីមុនទាំងមូលត្រូវបានសម្របសម្រួល។ ការប្រឆាំងតវ៉ាជាសាធារណៈលើលោក Vorayuth បានកើតឡើងក្នុងរយៈពេលដ៏តានតឹងមួយសម្រាប់រដ្ឋាភិបាល ស្របពេលជាមួយនឹងការតវ៉ាស្ទើរតែរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ដែលដឹកនាំដោយមេដឹកនាំនិស្សិតលទ្ធិប្រជាធិបតេយ្យ ដែលអំពាវនាវឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera