ថៃសម្រេចបិទវត្តអារ៉ាមចំនួន ៣កន្លែង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩
ថៃ៖ អាជ្ញាធរថៃបានសម្រេចបន្តបិទវត្តចំនួន ៣ នៅក្នុងរយៈពេល ២ សប្តាហ៍ទៀត ដើម្បីទប់ស្កាត់លទ្ធភាពនៃការចម្លងជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា វត្តទាំង ៣ កន្លែងនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Kanchanaburi ដែលជាតំបន់ព្រំដែននៃប្រទេសប្រទេសថៃ និងមីយ៉ាន់ម៉ា ហើយវត្តទាំង ៣ នេះត្រូវបានអាជ្ញាធរនៃប្រទេសថៃចេញលិខិតឲ្យបិទជាផ្លូវការម្តងរួចមកហើយកាលពីថ្ងៃទី ២២ ខែ កញ្ញាមក។

បើតាមលោក Jeerasak Phumsawad អភិបាលនៃគណៈអភិបាលខេត្ត Kanchanaburi បានឲ្យដឹងថា ការសម្រេចបិទវត្តទាំង ៣ កន្លែងខាងនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ការស្កាតការចម្លងជំងឺកូវីដ ១៩ ពីប្រទេសមីយ៉ាន់ម៉ាចូលមកក្នុងប្រទេសថៃ ព្រោះកន្លងមកវត្តទាំង ៣ កន្លែងនេះតែងទទួលពុទ្ធបរិស័ទមកពីប្រទេសមីម៉ាន់ម៉ាឲ្យមកធ្វើការជួបជុំគ្នាជាមួយពុទ្ធបរិស័ទថៃ ខណៈដែលពេលនេះប្រទេសមីយ៉ាន់ម៉ាហាក់កំពុងផ្ទុះរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។
លោក Jeerasak Phumsawad បានបន្តថា តាមគម្រោងវត្តទាំងនេះនឹងត្រូវបិទរហូតដល់ថ្ងៃទី ១៩ ខែ តុលា ខាងមុខនេះ ហើយបន្ទាប់ពីការកំណត់នេះអាជ្ញាធរនឹងធ្វើការសម្រេចជាថ្មីម្តងទៀតថា ត្រូវបន្តបិទ ឬបើកឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ សូមបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ាកំពុងឆ្លងដំណាក់កាលយ៉ាងលំបាកនៃការរាតត្បាតជំងឺកូវីដ ១៩ ដោយគិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៨ ៧៨១ ករណី និងស្លាប់សរុបចំនួន ៤៤៤ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Bangkok Post