ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ពេលនេះបានរំសាយចេញពីមន្ទីរពេទ្យយោធាជាតិ ហើយនឹងត្រូវព្យាបាលយ៉ាងដិតដល់នៅសេតវិមានវិញ

    BY autoadmin October 6, 2020
    លោក ដូណាល់ ត្រាំ ពេលនេះបានរំសាយចេញពីមន្ទីរពេទ្យយោធាជាតិ ហើយនឹងត្រូវព្យាបាលយ៉ាងដិតដល់នៅសេតវិមានវិញ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញហើយ បន្ទាប់ពីបានចាកចេញពីមន្ទីរពេទ្យយោធាជាតិ ដែលជាកន្លែងគាត់ទទួលការព្យាបាលជំងឺ ​COVID-19 នៅទីនោះ។ រំលឹកឡើងវិញដែរថា លោក ដូណាល់ ត្រាំ បានប្រកាសថា គាត់ និងលោកជុំទាវទី១ បានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ ខ្លួនគាត់ត្រូវបានគេផ្ទេរទៅមន្ទីរពេទ្យយោធាជាតិ Walter Reed នៅខាងក្រៅទីក្រុង Washington D.C. ដើម្បីទទួលបានព្យាបាលដោយថ្នាំប្រឆាំងវីរុស និងឱសថដទៃទៀត។

    លោក ដូណាល់ ត្រាំ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទនេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីស្ថានភាពសុខភាពរបស់គាត់ត្រូវបានគេរាយការណ៍ថា មានភាពប្រសើរឡើង។ គាត់បានដើរចេញពីមន្ទីរពេទ្យ ហើយលើកមេដៃឡើងដោយនិយាយថា «អរគុណ» ។ បន្ទាប់មកលោកបានឡើងជិះឧទ្ធម្ភាគចក្រប្រធានាធិបតី ដើម្បីធ្វើដំណើរទៅកាន់សេតវិមានវិញ។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ប្រធានាធិបតីនឹងត្រូវត្រួតពិនិត្យសុខភាពយ៉ាងប្រុងប្រយ័ត្នគ្រប់ម៉ោងទាំងអស់។

    មុននេះលោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្ដាញសង្គមថា គាត់មានអារម្មណ៍ល្អណាស់ ដោយបានសរសេរថា៖ «កុំខ្លាច COVID ។ កុំឱ្យវាគ្របដណ្តប់លើជីវិតរបស់អ្នក។ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាល ត្រាំ យើងបានអភិវឌ្ឍឱ្យមានថ្នាំ និងចំណេះដឹងដ៏អស្ចារ្យមួយចំនួន។ ខ្ញុំមានអារម្មណ៍ប្រសើរជាងកាលពី ២០ឆ្នាំមុនទៅទៀត!»

    ជាក់ស្តែងលោក ដូណាល់ ត្រាំ សង្ឃឹមថា នឹងវិលត្រឡប់មកសេតវិមានវិញឱ្យបានលឿនបំផុត ដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំខ្លាំងម្នាក់ ហើយវាមិនដល់មួយខែទៀតទេ ថ្ងៃបោះឆ្នោតប្រធានាធិបតីនឹងមកដល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យរបស់គាត់និយាយថា រោគសញ្ញារបស់ប្រធានាធិបតីមិនបានបាត់ទាំងស្រុងទេ។ អ្នកសង្កេតការណ៍ខ្លះបានសម្តែងការព្រួយបារម្ភចំពោះការរំសាយលោកប្រធានាធិបតីភ្លាមៗពីមន្ទីរពេទ្យ ពោលគឺត្រឹមតែ ៣ថ្ងៃ បន្ទាប់ពីលោកបានចូលព្យាបាលប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: