អង្គការសុខភាពពិភពលោកនិយាយថា មនុស្ស ១នាក់ ក្នុងចំណោម ១០នាក់ ប្រហែលជាបានឆ្លងជំងឺកូវីដ១៩ រួចទៅហើយ
អង្គការសុខភាពពិភពលោកនៅថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បាននិយាយថា មនុស្សចំនួន ១នាក់ ក្នុងចំណោម ១០នាក់ ប្រហែលជាបានឆ្លងវីរុសកូរ៉ូណា ដែលវាធ្វើឱ្យប្រជាជនភាគច្រើននៅលើពិភពលោក ងាយនឹងរងគ្រោះដោយជំងឺ COVID-19 នេះ។ លោក Mike Ryan អ្នកជំនាញគ្រាអាសន្នកំពូលរបស់អង្គការសុខភាពពិភពលោក បានថ្លែងបែបនេះទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារ បើទោះបីជាអាមេរិកបានចោទប្រកាន់ប្រទេសចិនចំពោះការរីករាលដាលនៃជំងឺនេះក៏ដោយ។

ប៉ុន្តែយ៉ាងណាអ្នកស្រី Zhang Yang នៃគណៈកម្មាធិសុខភាពជាតិចិនបានមានប្រសាសន៍ថា៖«ចិនតែងតែមានតម្លាភាព និងទទួលខុសត្រូវ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់យើង»។ អ្នកស្រីបានបន្ថែមទៀតថា ប្រទេសចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគ្រប់កម្រិតទាំងអស់នៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ។
លោក Mike Ryan បាននិយាយថា ការផ្ទុះឡើងកំពុងមាននៅផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ ហើយករណីថ្មី និងការស្លាប់កំពុងតែកើនឡើងនៅផ្នែកខ្លះនៃអឺរ៉ុប និងតំបន់មេឌីទែរ៉ាណេភាគខាងកើត។ លោកបាននិយាយថា៖«ការប៉ាន់ស្មានដ៏ល្អបំផុតរបស់យើងនាពេលបច្ចុប្បន្នប្រាប់យើងថា ប្រហែល ១០% នៃចំនួនប្រជាជនពិភពលោកអាចបានឆ្លងវីរុសនេះ។ វាប្រែប្រួលអាស្រ័យលើប្រទេសវាខុសគ្នា ពីទីក្រុងទៅជនបទ វាប្រែប្រួលអាស្រ័យលើក្រុម។ ប៉ុន្តែអ្វីដែលសំខាន់ ផ្នែកជាច្រើននៃពិភពលោកនៅតែស្ថិតក្នុងហានិភ័យនៅឡើយ»។
អង្គការសុខភាពពិភពលោក និងអ្នកជំនាញផ្សេងទៀតធ្លាប់បាននិយាយថា វីរុសដែលបានផុសឡើងនៅក្នុងទីផ្សារចំណីអាហារនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំមុន គឺមានដើមកំណើតសត្វ។ ក្នុងនោះលោក Ryan បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា WHO បានដាក់បញ្ចូលបញ្ជីអ្នកជំនាញមួយចំនួន ដើម្បីចូលរួមក្នុងបេសកកម្មអន្តរជាតិមួយទៅកាន់ប្រទេសចិន ដើម្បីស៊ើបអង្កេតប្រភពដើមនៃជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia