លោក ដូណាល់ ត្រាំ ពុំមានបង្ហាញរោគសញ្ញាទៀតទេ ប៉ុន្តែចំនួនអ្នកឆ្លងក្នុងជួររដ្ឋាភិបាលកាន់តែកើនឡើង
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញានៃជំងឺ COVID-19 នៅពេលនេះទេ។ លោកក៏បានបង្ហាញសញ្ញាថា ចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ ដោយសារតែការបោះឆ្នោតប្រធានាធិបតីនៅមិនដល់មួយខែទៀតប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាឥឡូវនេះជំងឺ COVID-19 កំពុងឆ្លងរីករាលដាលនៅក្នុងរដ្ឋបាលរបស់គាត់ ដែលវាកំពុងតែជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល។

រំលឹកដែរថាលោក ដូណាល់ ត្រាំ បានចូលសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យយោធាជាតិកាលពីថ្ងៃសុក្រ និងបានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃចន្ទ។ លោកត្រូវបានក្រុមគ្រូពេទ្យនិយាយថា មានស្ថានភាពប្រសើរឡើង និងគ្មានរោគសញ្ញាទៀតទេ។ កាលពីថ្ងៃអង្គារ លោកក៏បានសរសេរសារលើ Twitter ដែលបង្ហាញបំណងថា លោកចង់បន្ដកិច្ចការជជែកវែកញែកជាមួយគូប្រជែងរបស់គាត់ គឺលោក ចូ បាយដិន នៅអាទិត្យក្រោយនេះ។
ប្រធានាធិបតីរូបនេះក៏បានសរសេរទៀតថា លោកបានច្រានចោលសំណើរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការស្នើសុំផែនការសង្គ្រោះបន្ថែមទៀត និងបានរិះគន់ទំហំនៃសំណើថវិកាសង្គ្រោះនោះ។ លោកបានណែនាំដល់តំណាងរបស់លោក ឱ្យឈប់ចរចាជាមួយក្រុមអ្នកប្រជាធិបតេយ្យផងដែរ។ ចំណែកលោក ចូ បាយដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការជជែកដេញដោលដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ក្រោយ គួរតែត្រូវបានផ្អាកសិនប្រសិនបើលោក ដូណាល់ ត្រាំ នៅតែឆ្លងជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK