អង្គការសុខភាពពិភពលោកព្រមានថា ឆ្នាំក្រោយអាចនឹងមានទារកមិនទាន់កើត ២០០,០០០នាក់ ស្លាប់ក្នុងពោះម្ដាយ ដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរំខានសេវាសុខភាពនៅទូទាំងពិភពលោក
ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ និងអង្គការដទៃទៀត កំពុងព្រមានអំពីហានិភ័យនៃការស្លាប់របស់ទារកក្នុងផ្ទៃម្ដាយ ដែលវាអាចនឹងប៉ះពាល់ទារកដែលមិនទាន់កើតចំនួន ២០០,០០០នាក់ បន្ថែមទៀតនៅឆ្នាំក្រោយ ដោយសារតែជំងឺរាតត្បាត COVID-19 នៅតែបន្តរំខានដល់សេវាសុខភាព។ អង្គការសុខភាពពិភពលោក រួមជាមួយអង្គការយូនីសេហ្វ និងអង្គភាពដទៃទៀត បានផ្សព្វផ្សាយរបាយការណ៍របស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្ហាញថា ជារៀងរាល់ឆ្នាំមានទារកមិនទាន់កើតចំនួន ២លាននាក់ បានស្លាប់បាត់បង់ជីវិត នៅអំឡុងពេលស្ត្រីពពោះបាន ២៨សប្ដាហ៍ ឬក្រោយមកទៀត។

ពោលគឺជារៀងរាល់ ១៦វិនាទី នឹងមានទារកក្នុងផ្ទៃ ១នាក់ បានស្លាប់ក្នុងពោះម្ដាយ ហើយនឹងមានការស្លាប់ក្នុងពោះម្ដាយចំនួន ២០០,០០០ បន្ថែមទៀតប្រសិនបើជំងឺ COVID-19 នៅតែបន្ដរំខានសេវាសុខភាព។ វាក៏និយាយផងដែរថា ៨៤% នៃការស្លាប់ក្នុងផ្ទៃនេះបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងអនុតំបន់សាហារ៉ា អាហ្វ្រិក និងអាស៊ីខាងត្បូង។ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកលោក Anshu Banerjee កំពុងអំពាវនាវឱ្យមានការថែទាំស្ត្រីមានផ្ទៃពោះឱ្យបានត្រឹមត្រូវ ដើម្បីការពារការស្លាប់របស់ទារកក្នុងផ្ទៃ។ លោកបានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានថា សេវាកម្មសុខភាពសម្រាប់ម្តាយនិងកូនៗត្រូវបានរំខាន ខណៈដែលបុគ្គលិកពេទ្យត្រូវបានចាត់ឱ្យធ្វើការលើករណី COVID-19៕


អត្ថបទ៖ លីដា
ប្រភព៖ NHK