ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសទំនងនឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩ នៅខែក្រោយនេះ ដើម្បីចាក់ឱ្យពលរដ្ឋរាប់ម៉ឺននាក់រៀងរាល់ថ្ងៃ ឱ្យបានមុនថ្ងៃបុណ្យណូអែល

    BY autoadmin October 8, 2020
    អង់គ្លេសទំនងនឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩ នៅខែក្រោយនេះ ដើម្បីចាក់ឱ្យពលរដ្ឋរាប់ម៉ឺននាក់រៀងរាល់ថ្ងៃ ឱ្យបានមុនថ្ងៃបុណ្យណូអែល

    វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់ជូនដោយបុគ្គលិករបស់ NHS ចាប់ពីដើមខែក្រោយនេះ ខណៈមជ្ឈមណ្ឌលចាក់ថ្នាំបង្ការរោគចំនួន ៥ ត្រូវគ្រោងចេញធ្វើការចាក់វ៉ាំកសាំងឱ្យបានមុនថ្ងៃបុណ្យណូអែលមកដល់។ កាសែត The Sun បានរាយការណ៍ថា ឯកសារបណ្តោះអាសន្នដែលបានលេចធ្លាយ បានបង្ហាញពីផែនការសម្រាប់បុគ្គលិក NHS រាប់រយនាក់ ដែលពួកគេនឹងត្រូវដាក់ពង្រាយនៅទីតាំងចំនួន ៥ នៅទូទាំងប្រទេស ដើម្បីធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។

    អ្នកដែលងាយរងគ្រោះនឹងជំងឺនេះ នឹងត្រូវបានគេកោះហៅទៅចាក់វ៉ាក់សាំងមុនគេ ជាមួយនឹងគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ ដែលគ្រោងទុកសម្រាប់ទីក្រុង Leeds, Hull និង London ។ បន្ថែមពីលើទីតាំងទាំងមជ្ឈមណ្ឌលទាំង ៥ គ្រូពេទ្យ និងឱសថការី នឹងត្រូវបានស្នើសុំឱ្យជួយក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងក្នុងចំនួនច្រើន ដោយមានទាំងអង្គភាពចល័ត ដើម្បីទៅដល់សហគមន៍ដែលងាយរងគ្រោះ និងអ្នកនៅតាមមណ្ឌលថែទាំ។

    ប្រភពបាននិយាយថា លទ្ធផលនៃការសាកល្បងវ៉ាក់សាំងដំបូងអាចនឹងទទួលបានក្នុងរយៈពេល ១ខែ ដូច្នេះមានន័យថា ពួកគេនឹងចេញវ៉ាក់សាំងឱ្យសាកល្បងមុនថ្ងៃបុណ្យណូអែល។ ប៉ុន្តែគម្រោងកំពុងស្ថិតនៅក្នុងដំណើរការ ដូច្នេះវានឹងគ្មានការពន្យារពេលនោះទេ នៅពេលដែលរកឃើញវ៉ាក់សាំងមានប្រសិទ្ធភាពរួចហើយនោះ។ គម្រោងពីមុនគឺចង់ឱ្យមានការចេញវ៉ាក់សាំងសាកល្បងក្នុងខែនេះ តែខកខានទៅវិញ ដោយសារអ្នកតាក់តែងច្បាប់អង់គ្លេស និងភ្នាក់ងារឱសថសហភាពអឺរ៉ុបមិនយល់ស្រប។

    គួរឱ្យដឹងដែរថា វ៉ាក់សាំងដែលកំពុងត្រូវបានសិក្សាដោយសាកលវិទ្យាល័យ Oxford ត្រូវបានបញ្ជាទិញពីរដ្ឋាភិបាលអង់គ្លេសរហូតដល់ទៅ ១០០លានដូស បើទោះបីជាវ៉ាក់សាំងនៅមិនទាន់ឆ្លងគ្រប់ដំណាក់កាលសាកល្បងក៏ដោយ ប៉ុន្តែពួកគេសង្ឃឹមថា វានឹងអាចបានចុះបញ្ជីនៅមុនថ្ងៃបុណ្យណូអែលខាងមុខ។ អង់គ្លេសបច្ចុប្បន្នក៏កំពុងប្រឈមនឹងរលកទី២ ផងដែរ ដោយមានករណីថ្មីចំនួន ៦,០០០ រៀងរាលថ្ងៃ ហើយការចូលមន្ទីរពេទ្យមានចំនួនទ្វេដងរៀងរាល់សប្តាហ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: