ប្រទេសថៃដាស់តឿនពលករចំណាកស្រុកឡាវ ភូមា និងកម្ពុជា ឱ្យប្រញាប់ទៅបន្ដប័ណ្ណការងាររបស់ពួក បើមិនដូច្នេះនឹងប្រឈមការពិន័យ ឬបញ្ជូនទៅប្រទេសដើម
ក្រសួងការងារថៃកំពុងធ្វើការដាស់តឿនដល់ពលករចំណាកស្រុកឡាវ ភូមា និងកម្ពុជា ដើម្បីទៅបន្ដប័ណ្ណការងាររបស់ពួកគេឱ្យបានមុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ពលករត្រូវដាក់ពាក្យសុំបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេមុនដំណាច់ខែនេះ ហើយនឹងមានដំណើរការមួយចំនួនទៀតដែលត្រូវធ្វើ មុនពេលការបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេត្រូវបានយល់ព្រមតាមការគ្រោងទុក។

គួរឱ្យដឹងដែរថាដោយសារតែបញ្ហាជំងឺ COVID-19 និងកង្វះពលករចំណាកស្រុករបស់ប្រទេសថៃ ពលករទាំងនោះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ ទោះបីជាលិខិតអនុញ្ញាតការងារបានផុតកំណត់ក៏ដោយ។ ពលករក្រុមទី១ មានដូចជា៖ ឡាវ ភូមា និងកម្ពុជា ដែលបានមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៤ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការការងារ ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលថៃនិងដៃគូ។
ក្រុមទី២ គឺជាពលករចំណាកស្រុកកម្ពុជា ឡាវ និងភូមាផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើការនៅប្រទេសថៃចន្លោះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំមុន និងថ្ងៃទី៣០ ខែមិថុនាឆ្នាំនេះ បន្ទាប់ពីពួកគេបានឆ្លងកាត់ការបញ្ជាក់សញ្ជាតិរបស់ពួកគេ និងកាន់លិខិតឆ្លងដែនត្រឹមត្រូវ មានឯកសារធ្វើដំណើរ និងអត្តសញ្ញាណប័ណ្ណ។
ក្រុមទី៣ គឺជាពលករកម្ពុជា ឡាវ និងភូមា ដែលបានមកធ្វើការនៅប្រទេសថៃក្រោមអនុស្សារណៈយោគយល់គ្នា ដូចគ្នានឹងក្រុមទី១ ប៉ុន្តែក្រោយមកបានចាកចេញពីថៅកែជាប់កិច្ចសន្យា ប៉ុន្តែមិនបានរកនិយោជកថ្មីក្នុងរយៈពេល ៣០ថ្ងៃ តាមច្បាប់រដ្ឋបាលចំណាកស្រុក។
ចំណែកក្រុមទី ៤ គឺជាពលករចំណាកស្រុកកម្ពុជា និងភូមា ដែលកាន់ប័ណ្ណឆ្លងព្រំដែន (Border Pass) សម្រាប់ធ្វើដំណើរទៅប្រទេសថៃ សម្រាប់ការងារតាមរដូវកាល និងដែលមានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនេះបានផុតកំណត់ហើយ។
សម្រាប់ជនអន្តោប្រវេសន៍ដែលមិនបានដាក់ពាក្យសុំបន្តឡើងវិញទាន់ពេលវេលានោះ ពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០,០០០ បាត ឬ ១,៦០០ ដុល្លារអាមេរិក និងការនិរទេសខ្លួន ខណៈនិយោជកជួលពលករចំណាកស្រុកខុសច្បាប់ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០០,០០០ បាត ឬ ៣,២០០ ដុល្លារអាមេរិក ក្នុងពលករខុសច្បាប់ម្នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍