ឆាបឆេះអាគារកម្ពស់ ៣៣ជាន់ នៅទីក្រុងអ៊ូលសានរបស់កូរ៉េខាងត្បូង តាំងពីយប់រហូតមកទល់ពេលនេះនៅមិនទាន់រលត់អស់នៅឡើយទេ
កូរ៉េ៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងនៅប្លុកអាគារកម្ពស់៣៣ជាន់នៅភាគខាងត្បូងនៃទីក្រុងអ៊ូលសាន។ មនុស្សរាប់រយនាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយមនុស្សជាង ៨០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការស្រូបផ្សែងអគ្គិភ័យនោះ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ២៣ និង ០០ នាទី (ម៉ោងក្នុងស្រុក) កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយត្រូវបានឆាបឆេះកាន់តែខ្លាំងៗដោយសារអំណាចខ្យល់បក់ខ្លាំង។ រហូតដល់ព្រឹកថ្ងៃសុក្រនេះ វានៅតែមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ខ្យល់បក់ខ្លាំងបានធ្វើឱ្យមានការពិបាកគ្រប់គ្រងអគ្គិភ័យ ខណៈភ្លើងបានឆាបឆេះនៅចន្លោះជាន់ទី៨ និងទី១២ នៃអគារពាណិជ្ជកម្មនិងលំនៅដ្ឋាន Samhwan Art Nouveau ដែលមាន ១២០ គ្រួសារ និងហាងទំនិញ។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា៖«ភ្លាមៗនោះភ្លើងបានឆាបឆេះ បង្អួចបានបែក ហើយបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងបានឆេះឡើង»។ អ្នកខ្លះទៀតប្រាប់ YTN News ថាសម្ភារៈភ្ជាប់នៅខាងក្រៅអគារទំនងជាបានធ្វើឱ្យភ្លើងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាក៏ដោយអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឱ្យមានអគ្គិភ័យនេះនៅឡើយទេ៕




អត្ថបទ៖ លីដា
ប្រភព៖ BBC