ប៉ូលីសស្បែកសដែលបានសង្កត់កលោក George Floyd រហូតដល់ស្លាប់ ពេលនេះបានបង់លុយ ១លានដុល្លារ ដើម្បីនៅក្រៅឃុំរង់ចាំការជំនុំជម្រះនៅឆ្នាំក្រោយ
អតីតប៉ូលីសអាមេរិកម្នាក់ឈ្មោះ Derek Chauvin ដែលត្រូវបានគេចោទប្រកាន់ពីបទសម្លាប់លោក George Floyd ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងការបង់ប្រាក់ចំនួន ១ លានដុល្លារ។ Derek Chauvin ត្រូវបានប្រកាសនៅក្រៅឃុំកាលពីថ្ងៃពុធ ហើយបានចាកចេញពីពន្ធនាគារមួយ នៅជិតទីក្រុង Minneapolis ។ ជនសង្ស័យរូបនេះកំពុងរង់ចាំការជំនុំជម្រះនៅខែមីនាឆ្នាំក្រោយ ពីបទឃាតកម្ម និងករណីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមរណភាពរបស់លោក Floyd នៅអំឡុងពេលក្រុមប៉ូលីសរបស់ខ្លួន បានតាមចាប់លោក Floyd និងបានសង្កត់-ក គាត់ស្លាប់នៅនឹងកន្លែងនៅខែឧសភា។

មេធាវីក្រុមគ្រួសាររបស់ Floyd បានរិះគន់ចំពោះការដោះលែងជន Derek Chauvin ដោយបានសរសេរនៅលើ Twitter ថា៖«គាត់កំពុងទិញសេរីភាពឱ្យខ្លួន បន្ទាប់ពីប្លន់ជីវិតរបស់ Floyd»។ លោកបានបន្ថែមថា៖ «ការដោះលែងគាត់ឱ្យនៅក្រៅឃុំ គឺជាការក្រើនរំលឹកដ៏ឈឺចាប់មួយដល់គ្រួសារលោក George Floyd ថាយើងនៅឆ្ងាយពីការសម្រេចបាននូវយុត្តិធម៌ពិត»។ គួរឱ្យដឹងដែរថា មរណភាពរបស់លោក Floyd បានបង្កឱ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលជាបញ្ហាសំខាន់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា ការដោះលែងលោក Derek Chauvin អាចបង្កឱ្យមានបាតុកម្មបន្តទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK