រង្វាន់ណូបែលសន្តិភាពលើកទី១០១ ឆ្នាំ២០២០ ត្រូវបានផ្ដល់ជូនកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន
រង្វាន់ណូបែលសន្តិភាពលើកទី១០១ ឆ្នាំ២០២០ ត្រូវបានប្រគល់ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន។ គណៈកម្មាធិការរង្វាន់ណូបែលប្រទេសណ័រវេសបាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានដើរតួជាកម្លាំងជំរុញក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមនិងជម្លោះ។ រង្វាន់មានតម្លៃ ១០ លានក្រេណាស៊ុយអ៊ែត ឬ ១.១ លានដុល្លារ ខណៈការប្រកាសឈ្មោះអ្នកឈ្នះនេះ ត្រូវបានធ្វើឡើងនៅឯវិទ្យាស្ថានណូបែលណ័រវេស ក្នុងទីក្រុងអូស្លូ។

អ្នកនាំពាក្យរបស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា វាជាមោទកភាពមួយសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក ខណៈដែលកម្មវិធីនេះបានជួយប្រជាជនប្រហែល ៩៧លាននាក់ ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចំនួន ៨៨ ជុំវិញពិភពលោក។ រំលឹកដែរថារង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុន បានទៅនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed ដែលបានបំពេញកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអេរីទ្រា ដែលធ្លាប់ជាប់គាំងរយៈពេល ២០ឆ្នាំ ក្រោយសង្គ្រាមព្រំដែនឆ្នាំ១៩៩៨-២០០០។ ចំណែកអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ២០០៩ សម្រាប់ «កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់គាត់ដើម្បីពង្រឹងការទូតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន»៕


អត្ថបទ៖ លីដា
ប្រភព៖ BBC