ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និងកំពុងបាត់ខ្លួន ១៣នាក់ នៅប្រទេសវៀតណាម
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសវៀតណាមជាច្រើនថ្ងៃមកហើយ ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ និង ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលមកពីសម្ពាធទាប បានវាយប្រហារលើទីក្រុងបុរាណ Hoi An ខ្លាំងជាងគេ ដែលទីនោះត្រូវបានទទួលស្គាល់ថា ជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ សម្រាប់សម្រស់ផ្លូវជាប្រវត្តិសាស្ត្ររបស់វា។

អគារប្រហែល ៣៣,០០០ រួមទាំងផ្ទះពលរដ្ឋ ត្រូវបានគេរាយការណ៍ថាបានលិចលង់ ហើយមនុស្សជាង ៣ ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅ។ រូបភាពកាលពីថ្ងៃអាទិត្យពីទីប្រជុំជនកណ្តាល បានបង្ហាញពីមនុស្សម្នាក់ កំពុងត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រចេញពីកន្លែងដែលមានទឹកព័ទ្ធជុំវិញ។ ពលរដ្ឋខ្លះទៀតក៏ត្រូវបានជម្លៀសចេញដោយថ្មើរជើង ឬតាមទូកជាដើម។ គួរឱ្យដឹងដែរថា កាលពីឆ្នាំមុនពលរដ្ឋវៀតណាមរហូតដល់ ១៣២នាក់ បានស្លាប់ និង ២០០ នាក់ផ្សេងទៀតរងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំងបែបនេះ៕





អត្ថបទ៖ លីដា
ប្រភព៖ NHK