ការសិក្សាថ្មីមួយបង្ហាញថា វីរុសនៃជំងឺកូវីដ១៩ អាចរស់នៅលើផ្ទៃខាងក្រៅបានរហូតដល់ទៅ ២៨ថ្ងៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វីរុសដែលទទួលខុសត្រូវចំពោះជំងឺ COVID-19 នៅតែអាចចម្លងបានក្នុងរយៈពេល ២៨ថ្ងៃ នៅពេលដែលវាមានវត្តមាននៅផ្ទៃខាងលើ ដូចជានៅលើក្រដាសប្រាក់ អេក្រង់ទូរស័ព្ទ និងដែកអ៉ីណុក។ វាគឺជាការរកឃើញរបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី ដែលបង្ហាញថាវីរុស SARS-Cov-2 ដែលជាវីរុសនៃជំងឺ COVID-19 គឺអាចរស់នៅខាងក្រៅបានយូរជាងការគិតទៅទៀត។ ប៉ុន្តែយ៉ាងណាការសិក្សានេះបានសង្កត់ធ្ងន់ចំពោះទីងងឹតគ្មានពន្លឺប៉ុណ្ណោះ ដោយបន្ថែមថា ពន្លឺកាំរស្មី UV អាចសម្លាប់មេរោគ ដែលនៅជាប់ផ្ទៃខាងលើរបស់ទាំងនោះ។

រំលឹកដែរថាការធ្វើតេស្តមន្ទីរពិសោធន៍ពីមុន បានរកឃើញថាវីរុស SARS-Cov-2 អាចរស់បានពី ២ ទៅ ៣ថ្ងៃ លើក្រដាសប្រាក់ និងកញ្ចក់ ហើយរហូតដល់ ៦ថ្ងៃ លើប្លាស្ទិក និងដែកអ៉ីណុកជាដើម។ តែទោះយ៉ាងណាការស្រាវជ្រាវពីទីភ្នាក់ងារអូស្ត្រាលី CSIRO បានរកឃើញថា វីរុសនេះគឺរឹងមាំណាស់ ដោយអាចរស់បាន ២៨ថ្ងៃ នៅលើផ្ទៃរលោង ដូចជាអេក្រង់ទូរស័ព្ទ និងទាំងក្រដាសប្លាស្ទិក និងក្រដាសប្រាក់ នៅពេលរក្សាទុកនៅក្នុងសីតុណ្ហាភាព ២០ អង្សាសេ ដែលស្មើនឹងសីតុណ្ហាភាពក្នុងបន្ទប់ងងឹតមួយ។
ការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី Virology Journal នេះក៏បានរកឃើញថាវីរុស SARS-Cov-2 អាចរស់បានតិចម៉ោងនៅក្នុងសីតុណ្ហភាពក្ដៅ។ វានឹងឈប់ចម្លងក្នុងរយៈពេល ២៤ម៉ោង នៅសីតុណ្ហភាព ៤០ អង្សាសេ សម្រាប់ផ្ទៃខាងលើនៃរបស់ប្រើប្រាស់មួយចំនួន។ វីរុសនឹងរស់នៅបានយូរនៅលើផ្ទៃរលោងនិងគ្មានច្រែះ ជាជាងនៅលើរបស់ដែលមិនរលោងដូចជាខោអាវ ដែលត្រូវបានរកឃើញថា មិនអាចចម្លងបានលើសពី ១៤ថ្ងៃនោះទេ។ ដូច្នេះអ្នកស្រាវជ្រាវបានណែនាំថា ការលាងសម្អាតដៃ អេក្រងទូរស័ព្ទ និងរបស់របស់ចាប់កាន់ញឹកញាប់ទាំងនោះឱ្យបានស្អាតល្អ គឺសំខាន់បំផុត៕



អត្ថបទ៖ លីដា
ប្រភព៖ BBC