ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនកំពុងបើកការធ្វើតេស្ដរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ទៅលើពលរដ្ឋចំនួន ៩លាននាក់ នៅទីក្រុង Qingdao ដោយសារករណីថ្មីៗផ្ទុះចេញពីកន្លែងតែមួយ

    BY autoadmin October 12, 2020
    ប្រទេសចិនកំពុងបើកការធ្វើតេស្ដរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ទៅលើពលរដ្ឋចំនួន ៩លាននាក់ នៅទីក្រុង Qingdao ដោយសារករណីថ្មីៗផ្ទុះចេញពីកន្លែងតែមួយ

    ទីក្រុងឈីងតាវរបស់ប្រទេសចិន (Qingdao) កំពុងធ្វើតេស្តរកជំងឺ COVID-19 លើពលរដ្ឋរបស់ខ្លួនទាំងមូល ដែលមានចំនួនសរុប ៩លាននាក់ ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីទីក្រុងនេះបានរកឃើញថា ករណីឆ្លងរាប់សិបនាពេលថ្មីៗនេះ គឺទាក់ទងនឹងមន្ទីរពេទ្យមួយកន្លែងដែលព្យាបាលអ្នកជំងឺ COVID-19 នាំចូលពីបរទេស។ រំលឹកដែរថានៅក្នុងខែឧសភា ប្រទេសចិនបានធ្វើតេស្ដទីក្រុងវូហានទាំងមូល ដែលទីនោះគឺជាជម្រករបស់ពលរដ្ឋប្រមាណ ១១លាននាក់ និងជាចំណុចកណ្តាលនៃការផ្ទុះឡើងដំបូងនៃជំងឺ COVID-19។ យ៉ាងណាប្រទេសចិននៅតែត្រូវបានគេមើលឃើញថា គ្រប់គ្រងជំងឺ COVID-19 បានច្រើនជាងគេ ទោះបីជាជំងឺបានផ្ទុះចេញពីប្រទេសនេះដំបូងគេក៏ដោយ។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo គណៈកម្មការសុខាភិបាលក្រុងឈីងតាវបាននិយាយថា មានករណីថ្មីចំនួន ៦ និងករណីមិនចេញរោគសញ្ញាចំនួន ៦ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហើយទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យតែមួយ។ អ្នកនាំពាក្យបាននិយាយថា ឥឡូវនេះអាជ្ញាធរចិនមានយុទ្ធសាស្ត្របើកការតេស្ដទ្រង់ទ្រាយធំ ទោះបីជាក្រុមចង្កោមឆ្លងថ្មីនេះហាក់ដូចជាតូចក៏ដោយ។ កម្មវិធីតេស្ដកំពុងត្រូវបានចាប់ផ្ដើម ដោយមានស្រុកចំនួន ៥ ត្រូវតេស្ដក្នុងរយៈពេល ៣ថ្ងៃ ហើយទីក្រុងទាំងមូលនឹងត្រូវតេស្ដក្នុងរយៈពេល ៥ថ្ងៃ។

    គិតមកទល់ពេលនេះមនុស្សចំនួន ១១៤,៨៦២នាក់ រួមទាំងបុគ្គលិកពេទ្យ និង អ្នកជំងឺដែលបានចូលសម្រាកនៅមន្ទីរពេទ្យរបស់ទីក្រុង សុទ្ធតែត្រូវបានធ្វើតេស្ដរួចរាល់ ខណៈលទ្ធផលគឺអវិជ្ជមាន។ ករណីថ្មីៗនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីថ្ងៃឈប់សម្រាក Golden Week របស់ប្រទេសចិន ដែលមានមនុស្សរាប់លាននាក់បានធ្វើដំណើរឆ្លងកាត់ប្រទេសចុះឡើង។ ក្នុងនោះការិយាល័យវប្បធម៌និងទេសចរណ៍ក្រុងឈីងតាវបាននិយាយថា ទីក្រុងនេះបានទទួលអ្នកដំណើរចំនួន ៤.៤៧ លាននាក់ ក្នុងរយៈពេលនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: