ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសគ្រោងរៀបចំការបិទទ្វារទូទាំងប្រទេសសារជាថ្មី ក្រោយមានករណីជំងឺកូវីដ១៩ ហក់ឡើងយ៉ាងខ្លាំង

    BY autoadmin October 12, 2020
    អង់គ្លេសគ្រោងរៀបចំការបិទទ្វារទូទាំងប្រទេសសារជាថ្មី ក្រោយមានករណីជំងឺកូវីដ១៩ ហក់ឡើងយ៉ាងខ្លាំង

    ច្បាប់បិទទ្វារប្រទេសថ្មីរបស់អង់គ្លេសគ្រោងនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ ខណៈតំបន់ទីក្រុងហង្សក្រហម Liverpool ត្រូវបានគេរំពឹងថានឹងប្រឈមនឹងការរឹតត្បឹតខ្លាំងបំផុត «កម្រិតទី៣» ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមកម្រិតទាំង ៣ គឺមធ្យម ខ្ពស់ និងខ្ពស់បំផុត។ លោក Steve Rotheram អភិបាលក្រុងនិយាយថាការចរចាបានកើតឡើងពេញមួយយប់ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានយល់ព្រមនៅឡើយទេ។ ដូច្នេះនាយករដ្ឋមន្រ្តី Boris Johnson កំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ Cobra បន្ទាន់មួយ ដើម្បីកំណត់អន្តរាគមន៍ចុងក្រោយនេះ។

    យ៉ាងណាក៏ដោយថ្វីបើមិនទាន់មានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា តំបន់ទីក្រុង Liverpool ត្រូវតែដាក់ចេញការរឹតត្បឹតខ្ពស់បំផុត។ គួរឱ្យដឹងដែរថាទីក្រុង Liverpool បានកត់ត្រាករណីចំនួន ៦០០ករណី ក្នុងចំណោមមនុស្ស ១០០,០០០នាក់ នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី០៦ ខែតុលា កន្លងទៅនេះ ខណៈជាមធ្យមសម្រាប់ប្រទេសអង់គ្លេសទាំងមូលគឺ ៧៤នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់ ប៉ុណ្ណោះ។ តំបន់ទីក្រុង Liverpool រួមបញ្ចូលទាំងតំបន់ដូចជា Halton, Knowsley, Sefton, St Helens និង Wirral ក៏ដូចជា Liverpool ផ្ទាល់ផងដែរ។ នៅក្នុងការរឹតត្បឹតនេះ កន្លែងហាត់ប្រាណ កាស៊ីណូ និងហាងស្រា កំពុងស្ថិតក្នុងចំណោមអាជីវកម្មដែលគេរំពឹងថា នឹងរងផលប៉ះពាល់ជាងគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: