អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Suga Yoshihide នឹងធ្វើទស្សនកិច្ចនៅវៀតណាម និងឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយនេះ
BY autoadmin
October 14, 2020
នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីចូលកាន់តំណែង។ មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំឱ្យលោក Suga Yoshihide ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ។

លោក Suga Yoshihide បានបង្ហាញពីផែនការនេះ នៅឯការប្រជុំប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីនៅថ្ងៃអង្គារ។ លោកបានពិពណ៌នាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា ជាគន្លឹះឆ្ពោះទៅរក «ឥណ្ឌូប៉ាស៊ីហ្វិក» ដោយសេរី និងបើកចំហ។ លោកបានមានប្រសាសន៍ថា លោកមានគោលបំណងបង្ហាញទាំងក្នុងនិងក្រៅប្រទេសថា ប្រទេសជប៉ុននឹងចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK