កម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ខ្លួនត្រូវការរៃអង្គាសថវិកាចំនួន ៦.៨ ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ចៀសភាពអត់ឃ្លានចំពេលមានវិបត្តិជំងឺកូវីដ១៩
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នឹងត្រូវរៃអង្គាសថវិកាចំនួន ៦.៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែទៀត ដើម្បីបញ្ចៀសនូវភាពអត់ឃ្លានចំពេលមានវិបត្តិជំងឺ COVID-19 ។ កម្មវិធីស្បៀងអាហារពិភពលោក ដែលទើបតែត្រូវបានផ្តល់រង្វាន់ណូបែលសន្តិភាពកាលពីសប្តាហ៍មុន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងភាពអត់ឃ្លានបាននិយាយថា រហូតមកដល់ពេលនេះវាបានរៃអង្គាសប្រាក់បានចំនួន ១.៦ ពាន់លានដុល្លាររួចហើយ។

លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បានថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារ ដែលរៀបចំដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិថា៖«យើងត្រូវការប្រមូលថវិកាជាច្រើនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថាយើងអាចបញ្ចៀសបាននូវភាពអត់ឃ្លាន»។ លោក Beasley បានកត់សម្គាល់ថា មនុស្ស ៧លាននាក់ បានស្លាប់ដោយសារភាពអត់ឃ្លាននៅឆ្នាំនេះ ខណៈដែលជំងឺ COVID-19 បានឆក់យកជីវិតមនុស្សជាង ១លាននាក់ រួចមកហើយ។
ជំងឺរាតត្បាតជាសកល COVID-19 បានបង្ខំឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកបិទទ្វារទូទាំងប្រទេស ដែលជាលទ្ធផលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាច្រើន ដែលខ្លះទទួលរងនូវភាពក្រីក្រ និងជម្លោះជាច្រើនឆ្នាំ និងអស្ថិរភាព។ កម្មវិធីស្បៀងអាហារពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមនិយាយថា ខ្លួនជួយមនុស្សប្រមាណ ៩៧ លាននាក់ នៅក្នុង ៨៨ប្រទេស ជារៀងរាល់ឆ្នាំ ហើយមនុស្សម្នាក់ក្នុងចំណោម ៩នាក់ នៅទូទាំងពិភពលោក នៅតែមិនមានអាហារបរិភោគគ្រប់គ្រាន់៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera