មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា លោកសោកស្ដាយដែលមិនបានដឹងថាពលរដ្ឋកំពុងរស់នៅយ៉ាងលំបាក
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានធ្វើការកត់សម្គាល់មិនធ្លាប់មានមួយ ដោយលោកបានលើកឡើងថា លោកគិតមិនដល់ថាស្ថានភាពរស់នៅក្នុងប្រទេសមានភាពលំបាកខ្លាំងយ៉ាងនេះនោះទេ។ លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យក្នុងតំបន់មួយ ដែលរងគ្រោះដោយខ្យល់ព្យុះម៉ៃសាក់កាលពីខែមុន។ កាសែតរបស់គណបក្សពលករដែលកំពុងកាន់អំណាច Rodong Sinmun នៅថ្ងៃពុធនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងរុករករ៉ែមួយ ក្នុងខេត្ត Hamgyong ភាគខាងជើងប្រទេសកូរ៉េខាងជើង ដែលតំបន់នោះត្រូវរងការខូតខាតយ៉ាងខ្លាំងដោយសារព្យុះ ហើយពេលនេះកំពុងជួសជុលទីតាំងឡើងវិញ។

នៅឯការដ្ឋានសាងសង់ឡើងវិញលោក គីម ជុងអ៊ុន បានថ្លែងអំណរគុណដល់កងទ័ពយោធាដែលបានជួយ នៅក្នុងការស្ដារតំបន់រងគ្រោះដោយគ្រោះមហន្តរាយឡើងវិញ។ លោកបានមានប្រសាសន៍ថា ដោយសារតែមានពលរដ្ឋទើបប្រទេសរបស់លោកអាចប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតគណបក្ស កាលពីថ្ងៃសៅរ៍កន្លងទៅ។ គួរឱ្យដឹងផងដែរថា កូរ៉េខាងជើងបានចាប់ផ្តើម «យុទ្ធនាការ៨០ថ្ងៃ» ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ប្រទេស មុនពេលការបើកសមាជគណបក្សដែលនឹងត្រូវធ្វើឡើងនៅខែមករាខាងមុខនេះ។ ក្នុងនោះលោក គីម ជុងអ៊ុន បាននិយាយថា លោកចង់ឱ្យការងារកសាងឡើងវិញត្រូវបញ្ចប់នៅមុនពេលយុទ្ធនាការ ៨០ថ្ងៃ ត្រូវបញ្ចប់។
កាសែតបាននិយាយថាលោក គីម ជុងអ៊ុន ក៏បានពិនិត្យមើលផ្ទះចាស់ៗដែលបានសាងសង់តាំងពីជាងកន្លះសតវត្សរ៍មុន ហើយគាត់បាននិយាយថា៖«យើងមិនបានដឹងច្បាស់ពីជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងបរិយាកាស និងក្នុងលំនៅដ្ឋានដ៏គួរឱ្យសង្វេគបែបនេះទេ»។ លោកបានមានប្រសាសន៍ថា «យើងត្រូវតែស្តីបន្ទោសខ្លួនឯង» ដែលបានធ្វើឱ្យកម្មកររស់នៅក្នុងបរិដ្ឋានដែលដើរថយក្រោយ។ ក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងនៅក្នុងពិធីព្យុហយាត្រាយោធាកាលពីថ្ងៃសៅរ៍ លោក គីម ជុងអ៊ុន ក៏បានលើកឡើងអំពីការលំបាកដែលប្រជាជនកំពុងប្រឈមមុខ។ លោកថា ការប្រឹងប្រែង និងភាពស្មោះត្រង់របស់លោកនៅមិនគ្រប់គ្រាន់នោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK