ថ្ងៃនេះក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានដង្ហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់ បានចាប់ផ្តើមដង្ហែរក្បួនរបស់ពួកគេឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលនៅថ្ងៃពុធនេះ ដើម្បីដាក់ការទាមទាររបស់ពួកគេឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មី។ នៅពេលដែលក្រុមប្រឆាំងរដ្ឋាភិបាលរើចេញពីវិមានប្រជាធិបតេយ្យ ដែលនៅទីនោះពួកគេក៏បានប្រឈមជាមួយអ្នកគាំទ្ររាជានិយមអាវលឿងផងនោះ ពួកគេបានស្រែកឡើងថា «ចុះចេញរបបផ្តាច់ការ ប្រជាធិបតេយ្យនឹងនៅគង់វង្ស»។

ក្រុមអ្នកតវ៉ាបានដើរចេញពីវិមានប្រជាធិបតេយ្យដែលនៅលើវិថី Ratchdamneon Avenue ឆ្ពោះទៅវិមានរដ្ឋាភិបាល តាមបណ្តោយផ្លូវ Nakhon Sawan ខណៈដែលក្រុមសន្តិសុខបានរារាំងពួកគេពីការដើរក្បួននៅលើវិថី Ratchadamneon Nok Avenue ។ យ៉ាងណាក៏ដោយមេធាវីការពារសិទ្ធិមនុស្សលោក Anon Nampha និងមេដឹកនាំបាតុកម្មដទៃទៀតបានសន្យាហើយថា នឹងមិនមានអំពើហឹង្សាក្នុងអំឡុងពេលបាតុកម្មនេះទេ។
ចំណែកក្រុមអាវពណ៌លឿងដែលគាទ្ររាជានិយម ក៏បានប្រមូលផ្តុំគ្នានៅតាមដងវិថី Ratchadamnoen Avenue ដើម្បីរង់ចាំការហែក្បួនរបស់ព្រះករុណាព្រះមហាក្សត្រ ដែលទ្រង់នឹងយាងទៅកាន់ព្រះបរមរាជវាំងនៅពេលរសៀលដើម្បីធ្វើពិធីសាសនា។ បាតុកម្មនេះគឺជាសកម្មភាពប្រឆាំងធំបំផុតក្នុងរយៈពេល ៣ខែ កន្លងមកនេះ ដែលវាបានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលដែលបង្កើតក្រោមរបបយោធា និងរបបរាជានិយមរបស់ថៃ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍