អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Oxford បានបង្កើតឧបករណ៍តេស្ដរកជំងឺកូវីដ១៩ ថ្មីម៉្យាង ដែលអាចដឹងលទ្ធផលក្នុងរយៈពេលតែ ៥នាទី
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford ទើបតែបានបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺ COVID-19 ថ្មីម៉្យាង ដែលអាចចេញលទ្ធផលក្នុងរយៈពេលតែ ៥នាទី ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបាននិយាយថា ឧបករណ៍តេស្តនេះអាចត្រូវបានប្រើសម្រាប់ការធ្វើតេស្ដទ្រង់ទ្រាយធំនៅតាមអាកាសយានដ្ឋាន និងតាមកន្លែងអាជីវកម្មនានា។ សាកលវិទ្យាល័យបាននិយាយថា ខ្លួនសង្ឃឹមថានឹងចាប់ផ្តើមការអភិវឌ្ឍឧបករណ៍តេស្តនេះនៅដើមឆ្នាំ២០២១ ហើយអាចទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងរយៈពេល ៦ខែ បន្ទាប់ពីនោះទៀត។

អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការស្រាវជ្រាវមុនពេលចេញបោះពុម្ពថា ឧបករណ៍នេះអាចរកឃើញវីរុស និងបែងចែកវាពីវីរុសផ្សេងៗទៀត ជាមួយនឹងភាពត្រឹមត្រូវខ្ពស់។ សាស្រ្តាចារ្យលោក Achilles Kapanidis មកពីផ្នែករូបវិទ្យារបស់សាកលវិទ្យាល័យ Oxford បាននិយាយថា ឧបករណ៍ធ្វើតេស្តនេះនឹងមានលក្ខណៈ «សាមញ្ញ រហ័ស និងចំណាយតិច»។ ការធ្វើតេស្តទទួលបានលទ្ធផលលឿនត្រូវបានគេមើលឃើញថា ជាគន្លឹះដែលអាចឈានទៅរកការបើកអាជីវកម្មឡើងវិញ ខណៈពេលដែលជំងឺឆ្លងកំពុងចរាចរនៅឡើយ។
កាលពីថ្ងៃពុធក្រុមហ៊ុន Siemens Healthineers ក៏ទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ធ្វើតេស្ត Antigen ឆាប់រហ័សនៅអឺរ៉ុប ដើម្បីរកមើលការឆ្លងជំងឺ COVID-19 ប៉ុន្តែបានព្រមានថា ឧស្សាហកម្មនេះអាចត្រូវជួបការលំបាកក្នុងការឆ្លើយតបនឹងតម្រូវការកើនឡើង។ ទោះបីជាឧបករណ៍របស់ Oxford នឹងត្រៀមរួចរាល់នៅឆ្នាំក្រោយក៏ដោយ ក៏ឧបករណ៍តេស្តរបស់ Siemens អាចជួយគ្រប់គ្រងការរាតត្បាតទាន់ពេលវេលាសម្រាប់រដូវរងារបន្ទាប់។
វេជ្ជបណ្ឌិត Nicole Robb មកពីសាលាវេជ្ជសាស្ត្រ Warwick បាននិយាយថា៖ «ការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ខែរដូវរងារនាពេលខាងមុខ គឺផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបាននៃចលនារួមគ្នានៃរីរុស SARS-CoV-2 (COVID-19) ជាមួយនឹងមេរោគផ្លូវដង្ហើមដទៃទៀត។ យើងបានបង្ហាញថា ឧបករណ៍ធ្វើតេស្តរបស់យើងអាចបែងចែករវាងមេរោគផ្សេងៗគ្នានៅក្នុងការសាកល្បងគ្លីនិក ដែលវាជាការវិវត្តថ្មីមួយ ផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់នៅក្នុងដំណាក់កាលបន្ទាប់នៃជំងឺរាតត្បាត»៕


អត្ថបទ៖ លីដា
ប្រភព៖ Standard