ថៃគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចិនចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ថៃ៖ វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង ដែលកន្លងមកវិស័យមួយនេះបានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រទេសថៃ។ ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ឲ្យងើបឡើងវិញ រដ្ឋាភិបាលថៃបានផ្តល់លក្ខខណ្ឌពិសេសជាច្រើនដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរណ៍បរទេសមកកំសាន្តក្នុងប្រទេសខ្លួន ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CGTN បានឲ្យដឹងថៃគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចិនចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ។

បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា បានឲ្យដឹងថា លក្ខខណ្ឌពិសេសខាងលើនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែតុលានេះ និងអនុវត្តសម្រាប់តែភ្ញៀវទេសចរណ៍ចិនប៉ុណ្ណោះ។ យ៉ាងណាក្តី ថៃនឹងកំណត់ចំនួនភ្ញៀវទេសចរណ៍ដែលអាចចូលមកកំសាន្តដោយអនុញ្ញាតត្រឹមតែ ១ ២០០ នាក់ប៉ុណ្ណោះក្នុងមួយខែ ហើយភ្ញៀវទេសចរណ៍ទាំងអស់នោះនឹងតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ ១៩ ជាមុនសិនមុននឹងមកដល់ប្រទេសថៃ ហើយក្នុងអំឡុងពេលដើរកំសាន្តនៅក្នុងទឹកដីថៃពួកគេត្រូវប្រើប្រាស់កម្មវិធីមួយនៅក្នុងទូរស័ព្ទដៃដើម្បីឲ្យអាជ្ញាធរថៃអាចតាមដានពួកគេបាន។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ថៃបានបើទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន ១១ លាននាក់ឲ្យមកកំសាន្តក្នុងប្រទេសខ្លួន ហើយភ្ញៀវទាំងអស់នោះបានបង្កើតប្រាក់ចំណូលសម្រាប់ប្រទេសថៃប្រមាណជា ១៧ ពាន់លានដុល្លារអាមេរិកផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ CGTN