ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសវៀតណាម ពេលនេះបានកើនដល់ ៥៥នាក់ និងបាត់ខ្លួនចំនួន ៧នាក់

    BY autoadmin October 17, 2020
    ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសវៀតណាម ពេលនេះបានកើនដល់ ៥៥នាក់ និងបាត់ខ្លួនចំនួន ៧នាក់

    របាយការណ៍ទើបតែចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ស្វែងរកនិងជួយសង្គ្រោះបានបង្ហាញថា គិតត្រឹមថ្ងៃសុក្រ ទី១៦ ខែតុលា មានមនុស្សចំនួន ៥៥នាក់ បានស្លាប់ និង ៧នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់កណ្តាលនៃប្រទេសវៀតណាម។ ផ្ទះចំនួន ៦៤៩ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ ខណៈជិត ១៥១,០០០ខ្នង ត្រូវលិចក្នុងទឹក និងផ្លូវតូចធំចំនួន ១៦៨ខ្សែ ត្រូវរងការខូចខាត។ ស្រូវចំនួន ៩០០ ហិកតា, ដំណាំ ៥,៥១៤ ហិកតា និងកសិដ្ឋានចិញ្ចឹមត្រី ៣,៩៧៨ ហិកតា ត្រូវបានបំផ្លាញ។ សត្វពាហនៈចំនួន ៤៤៥,៧០៨ ក្បាលត្រូវបានទឹកនាំទៅ។

    ក្រោយព្យុះណាន់កា (Nangka) វាក៏បណ្តាលឱ្យមនុស្សម្នាក់បាត់ខ្លួន។ ផ្ទះមួយត្រូវបានបំផ្លាញ ហើយផ្ទះចំនួន ១៤ ត្រូវបានខូចខាត។ នៅខេត្តណាមដិញ ដំណាំ ១០៥ ហិកតា និងទំនប់ទឹកត្រូវខូចខាត។ ជិត ១៥,០០០ គ្រួសារ នៅតំបន់ភាគកណ្តាលត្រូវបានជម្លៀសចេញ ដោយសារទឹកជំនន់ និងការបាក់ដី។ នៅតំបន់ខ្លះទៀតទឹកបានស្រកចុះ ហើយប្រជាជនកំពុងចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ។ កាលពីថ្ងៃទី១៥ ខែតុលា សាកសពសមាជិកនៃក្រុមអ្នកជួយសង្គ្រោះចំនួន ១៣នាក់ ត្រូវបានគេរកឃើញនៅខេត្ត Thua Thien-Hue ។ អាជ្ញាធរកំពុងស្រាវជ្រាវរកមនុស្ស ២៩នាក់ ដែលនៅតែបាត់ខ្លួនទាក់ទងនឹងការបាក់ដីនៅឯវារីអគ្គិសនី Rao Trang 3 ហើយអ្នកផ្សេងទៀតក៏កំពុងសម្អាតផ្លូវ ដើម្បីទៅកាន់វារីអគ្គិសនីនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: