AC Milan គ្រោងនឹងផ្ដល់អ្នកចាំទី Donnarumma ដើម្បីដោះដូរជាមួយនឹងខ្សែប្រយុទ្ធ Morata របស់ក្លឹបតោខៀវ Chelsea
ក្លឹប AC Milan គ្រោងនឹងផ្ដល់កំពូលចាំទីវ័យក្មេង Gianluigi Donnarumma ទៅអោយក្លឹបតោខៀវ Chelsea ដើម្បីដោះដូរជាមួយខ្សែប្រយុទ្ធ Alvaro Morata នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

អ្នកចាំទីសញ្ជាតិអុីតាលីវ័យ 19 រូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីទឹកដី San Siro របស់ក្លឹប AC Milan នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយតម្លៃខ្លួនរបស់ Gianluigi Donnarumma អាចនឹងមានតម្លៃដល់ទៅ 70លានអឺរ៉ូ ប៉ុន្ដែមកដល់ពេលមិនទាន់មានក្លឹបណាមួយហ៊ានដាក់សំណើរសុំទិញ Donnarumma នៅក្នុងតម្លៃកប់ពពកនេះនៅឡើយទេ។
ខណៈដែលពេលនេះក្លឹបតោខៀវ Chelsea កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់អ្នកចាំទី Thibaut Courtois ដែលអាចនឹងចាកចេញពីក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ អ្នកចាំទី Donnarumma នឹងក្លាយជាគោលដៅសំខាន់របស់ក្លឹបតោខៀវ Chelsea ស្របពេលដែលក្លឹប AC Milan ចង់បានខ្សែប្រយុទ្ធ Morata ដូចគ្នា។

បុត្រ
ប្រភព៖ Goal