បាក់ទំនប់ទឹកមួយនៅក្នុងប្រទេសថៃ ធ្លាយទឹកជាង១លានម៉ែត្រគូប ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន
ថៃ៖ ទំនប់ទឹកមួយមានសមត្ថភាពផ្ទុកទឹកជាង ១ លានម៉ែត្រគូបបានបាក់នៅក្នុងស្រុក Pak Thong Chai ខេត្ត Nakhon Ratchasima ភាគខាងជើងនៃប្រទេសថៃ និងបានធ្វើឲ្យភូមិចំនួន ២ នៅខ្សែទឹកខាងក្រោមរងការជន់លិច និងបង្កជាការប្រកាសអាសន្នទឹកជំនន់សម្រាប់តំបន់នានាដែលស្ថិតនៅលើផ្លូវទឹក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ទឹកបានធ្លាយចេញពីទំនប់ទឹកដែលមានឈ្មោះថា The Hin Ta Ngo កាលពីម៉ោង ៥ ល្ងាចថ្ងៃអាទិត្យម្សិលមិញ ខណៈទំនប់ទឹកមួយនេះមានសមត្ថភាពស្តុកទឹកសរុបចំនួន ១,២ លានម៉ែត្រគូប។ បើតាមលោក Somkiat Prachamwongsa អគ្គលេខាធិការការិយាល័យធនធានទឹកជាតិថៃបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យទំនប់ទឹកមួយនេះត្រូវបែកធ្លាយក៏ព្រោះតែទំនប់នេះបានស្តុកទឹកលើសបរិមាណកំណត់បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃមក។

លោកបានបន្តថា ហេតុការណ៍នេះបានបង្កឲ្យមានទឹកលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងភូមិ Ban Lam Pakhon Nuea Moo 5 និងភូមិ Ban Lam Pakhon Moo 3 សរុបចំនួន ៦០ ខ្នងផងដែរ។ សូមបញ្ជាក់ជូនថា ជំនន់ទឹកភ្លៀងដែលបានកើតឡើងនៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះបានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ៨៤៩ កន្លែងនៅក្នុងខេត្តចំនួន ២៥ ផ្សេងគ្នា និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ២៥ ២៧៣ នាក់។ យ៉ាងណាក្តី គ្មានពលរដ្ឋថៃណាម្នាក់បានស្លាប់បាត់បង់ជីវិតឡើយដោយមានអ្នករងរបួសត្រឹមតែ ៣ នាក់ប៉ុណ្ណោះ ហើយរហូតមកទល់នឹងពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តចំនួន ១៤ បានត្រលប់ទៅរកភាពល្អប្រសើរវិញហើយ និងនៅសល់ខេត្តចំនួន ១១ ទៀតប៉ុណ្ណោះដែលកំពុងរងនូវការគំរាមគំហែងដោយជំនន់ទឹកភ្លៀងនោះ៕

អត្ថបទ៖ភក្តី
ប្រភព៖ Bangkok Post