ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៉ីតាលីប្រកាសដាក់ការរឹតត្បឹតសារជាថ្មី បន្ទាប់ពីមានការកើនឡើងការឆ្លងជំងឺកូវីដ១៩ នាពេលថ្មីៗចុងក្រោយនេះ

    BY autoadmin October 19, 2020
    អ៉ីតាលីប្រកាសដាក់ការរឹតត្បឹតសារជាថ្មី បន្ទាប់ពីមានការកើនឡើងការឆ្លងជំងឺកូវីដ១៩ នាពេលថ្មីៗចុងក្រោយនេះ

    ប្រទេសអ៉ីតាលីបានប្រកាសថា ខ្លួនកំពុងដាក់ចេញនូវការរឹតត្បិតថ្មីៗ ចំពេលដែលករណីឆ្លងជំងឺ COVID-19 បានកើនឡើងនាពេលថ្មីៗចុងក្រោយនេះ។ ប៉ុន្តែយ៉ាងណាអ៉ីតាលីបានសម្រេចចិត្តមិនដាក់ឡើងវិញនូវការបិទទ្វារប្រទេសទាំងស្រុង ដូចដែលខ្លួនធ្លាប់បានដាក់កាលពីមានការផ្ទុះឡើងនៃជំងឺ COVID-19 ដំបូងនោះទេ។ នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ហើយវិធានការណ៍ថ្មីរួមមាន ការរឹតត្បិតលើម៉ោងធ្វើការនៅភោជនីយដ្ឋាន និងបារ។

    លោក Giuseppe Conte បាននិយាយថា គ្រឹះស្ថានទាំងនោះត្រូវតែបិទនៅពាក់កណ្តាលអធ្រាត្រ។ គាត់ក៏បាននិយាយផងដែរថា អភិបាលក្រុងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យបិទទីតាំងសាធារណៈ និងកន្លែងប្រមូលផ្តុំផ្សេងទៀត បន្ទាប់ពីម៉ោង ៩យប់ ប្រសិនបើចាំបាច់។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ប្រទេសអ៉ីតាលីមិនអាចមានលទ្ធភាពបិទទ្វារប្រទេសទាំងស្រុងនោះទេ ព្រោះវានឹងបង្កអន្តរាយដល់សេដ្ឋកិច្ចទាំងមូល។

    អ៉ីតាលីក៏បានបញ្ជាក់អំពីករណីថ្មីជិត ១២,០០០ ករណី កាលពីថ្ងៃអាទិត្យ ដែលវាជាការកើនឡើងខ្ពស់បំផុត ខណៈចំនួនសរុបប្រចាំថ្ងៃរបស់ប្រទេសនេះបានកើនឡើងអស់រយៈពេល ៦ថ្ងៃ មកហើយ។ ប៉ុន្តែប្រព័ន្ធវេជ្ជសាស្រ្តរបស់ប្រទេសអ៉ីតាលីនៅមិនទាន់វឹកវរ ដូចពេលកាលផ្ទុះជំងឺ COVID-19 ដំបូងនោះទេ។ បណ្តាប្រទេសនៅអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាកើនឡើងនូវករណីថ្មីៗ ពួកគេសុទ្ធតែចង់ដាក់ការរឹតត្បឹតចំពេលមានរលកទី ២ នៃការឆ្លង ប៉ុន្តែពិបាកក្នុងការសម្រេចចិត្ត ដោយសារថាការបិទទ្វារនឹងប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: