ថៃអាចនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅពាក់កណ្តាលឆ្នាំក្រោយ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បាយរាយការណ៍ថា ប្រទេសថៃអាចនឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដំបូងបំផុតនិងលឿនបំផុតត្រឹមខែមិថុនា ឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca ត្រូវបានគេអនុញ្ញាតសម្រាប់ប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ។ សូមបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca គឺជាក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសដែលអភិវឌ្ឍន៍ឡើងដោយសាកលវិទ្យាល័យ Oxford ហើយក្រុមហ៊ុនមួយនេះនឹងត្រូវធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Siam Bioscience Group របស់ថៃ ក្នុងបេសកម្មផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។ តាមគម្រោង ក្រុមហ៊ុនទាំង ២ ខាងលើនេះត្រូវចុះហត្ថលេខាធ្វើការងាររួមគ្នានៅចុងខែនេះហើយ ខណៈដែលគេបានដឹងរួចទៅហើយថា AstraZeneca មានសមត្ថភាពខ្ពស់រួចទៅហើយក្នុងការផលិតវ៉ាក់សាំង។
ដូចនេះហើយប្រសិនបើគ្មានអ្វីជាឧបសគ្គទេ ហើយរដ្ឋាភិបាលថៃក៏យល់ព្រមប្រើប្រាស់វ៉ាក់សាំងដែលជាការផ្តួចផ្តើមរបស់ក្រុមហ៊ុន AstraZeneca ដែរនោះ ថៃអាចនឹងមានវ៉ាក់សាំងដំបូងរបស់ខ្លួនតាមការបរិច្ឆេទខាងលើនេះជាមិនខាន។ បើតាមលោកវេជ្ជបណ្ឌិត Nakorn Premsri នាយកវិទ្យាស្ថានវ៉ាក់សាំងជាតិថៃបានបញ្ជាក់ថា បើទោះជាថៃអាចទទួលបានវ៉ាក់សាំងជាលើកដំបូងរបស់ខ្លួនតាមពេលវេលាកំណត់ខាងលើដ៏ដោយក៏ចំនួនវ៉ាក់សាំងនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការជាក់ស្តែងដែរ ពោលគឺអាចឆ្លើយតបទៅនឹងតម្រូវការបានត្រឹម ២០% ប៉ុណ្ណោះសម្រាប់ដំណាក់កាលដំបូងនេះ។ យ៉ាងណាក្តី តាមរយៈកិច្ចសហប្រតិបត្តិការណ៍រយៈពេលវែងរវាងក្រុមហ៊ុនទាំង ២ខាងលើនេះគេសង្ឃឹមថាថៃអាចនឹងទទួលបានវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ពលរដ្ឋបានពាក់កណ្តាលប្រទេសដែរ ពោលគឺអាចផលិតវ៉ាក់សាំងបាន ៦៦ លានដូស សម្រាប់ផ្តល់ជូនពលរដ្ឋចំនួន ៣៣ លាននាក់៕

អត្ថបទ៖ភក្តី
ប្រភព៖ Bangkok Post