អន្តរជាតិ

អ្នកថតរូប Selfie នៅកន្លែងធ្វើបាតុកម្មក្នុងប្រទេសថៃ អាចប្រឈមនឹងការជាប់គុក ២ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត

BY
autoadmin
October 21, 2020

ថៃ៖ បាតុកម្មនៅក្នុងទីក្រុងបាងកកប្រទេសថៃត្រូវបានគេមើលឃើញថា មានទំហំកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលរដ្ឋាភិបាលថៃបានដាក់ចេញក្រឹត្យបន្ទាន់មួយ ដើម្បីទប់ស្កាត់សកម្មភាពរបស់ក្រុមបាតុករ ហើយរយៈពេលកន្លងមកនេះអាជ្ញាធរថៃបានចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់ និងបានបាញ់ទឹកបំបែកហ្វូងបាតុករទៀតផង។ ជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ ប៉ូលិសថៃបានសម្រេចអនុវត្តវិធានការមួយបន្ថែមទៀត គឺដាក់ទោសចំពោះពលរដ្ឋណាដែលទៅថតរូប Selfie នៅឯកន្លែងធ្វើបាតុកម្មទៀតផង។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពលរដ្ឋថៃណាដែលហ៊ានទៅថតរូប Selfie នៅកន្លែងធ្វើបាតុកម្មនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ ០០០ បាត (១ ២៨០ ដុ​ល្លារអាមេរិក)។

ការអនុវត្តវិធានការតឹងរឹងខាងលើនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយដើម្បីទប់ស្កាត់ការរីកធំឡើងនៃចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ព្រោះការថតរូប Selfie, សកម្មភាពបាតុកម្ម និងការបង្ហោះក្នុងបណ្តាញសង្គម គឺជាគាំទ្រនិងលើកទឹកចិត្តដ៏ចម្បងមួយឲ្យពលរដ្ឋផ្សេងទៀតចង់មកចូលរួមធ្វើបាតុកម្មដែរ។ សូមបញ្ជាក់ថា ក្រុមនិស្សិតថៃរាប់ម៉ឺននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដោយទាមទារឿងសំខាន់ចំនួន ៣ គឺទាមទាឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចានអូចា ចុះចេញពីតំណែង ធ្វើកំណែទម្រង់ស្ថានប័នព្រះមហាក្សត្រថៃ និងទាមទាឲ្យមានការបោះឆ្នោងឡើងវិញ៕

អត្ថបទ៖ភក្តី

ប្រភព៖ The Thaiger

Share This Post: