ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមធ្វើការចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ពលរដ្ឋ នៅដើមខែវិច្ឆិកាខាងមុខនេះ

    BY autoadmin October 21, 2020
    ប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមធ្វើការចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ពលរដ្ឋ នៅដើមខែវិច្ឆិកាខាងមុខនេះ

    មន្ត្រីសុខាភិបាលរុស្ស៊ីលោក Alexander Gintsburg កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមអនុវត្តការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya នៅដើមខែវិច្ឆិកាខាងមុខនេះ បើទោះបីជាមានការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួន អំពីសុវត្ថិភាពរបស់វ៉ាក់សាំងក៏ដោយ។ លោកបាននិយាយថា វ៉ាក់សាំងនឹងត្រូវផ្តល់ឱ្យវេជ្ជបណ្ឌិត និងគ្រូបង្រៀន ហើយអ្នកផ្សេងៗទៀត នឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីនោះ។

    រំលឹកឡើងវិញដែរថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះកាលពីខែសីហា ហើយវាត្រូវបានគេដាក់ឈ្មោះថា «Sputnik V»។ វាត្រូវបានដាក់ឈ្មោះតាមផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលត្រូវបានបាញ់បង្ហោះដោយអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៥៧។ បច្ចុប្បន្នមានមនុស្សប្រមាណ ៤ ម៉ឺននាក់ កំពុងចូលរួមក្នុងដំណើរការសាកល្បងទី៣ ឬដំណាក់កាលចុងក្រោយរបស់វ៉ាក់សាំងនេះ ខណៈក្រុមហ៊ុនក៏កំពុងពង្រីកការផលិត។

    នាយករដ្ឋមន្រ្តីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា លោកមានមោទនភាពដែលវ៉ាក់សាំងដំបូងបង្អស់របស់ពិភពលោក ត្រូវបានផលិតនៅក្នុងប្រទេសរបស់លោក។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងផ្តល់វ៉ាក់សាំងនេះដល់ប្រជាជាតិដទៃទៀត។ ប៉ុន្តែយ៉ាងណាអ្នកជំនាញខ្លះបានសម្ដែងការព្រួយបារម្ភ ហើយបាននិយាយថា មិនចាំបាច់ប្រញាប់ផលិតវាឡើងទាំងដែលមិនទាន់បញ្ចប់ការសាកល្បងនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: