មនុស្សជិត ៣០ម៉ឺននាក់ បានស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ហើយភាគច្រើនគឺដោយសារជំងឺកូវីដ១៩
របាយការណ៍របស់រដ្ឋាភិបាលអាមេរិកចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ បានរាយការណ៍ថា មនុស្សជិត ៣០០,០០០ នាក់ បានស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ខណៈដែល ២ ភាគ ៣ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺដោយសារតែជំងឺ COVID-19 ។ តួលេខថ្មីចុងក្រោយនេះគឺជាការកើនឡើងខ្ពស់លើសពីការរំពឹងទុក បើផ្អែកលើនិន្នាការប្រវត្តិសាស្ត្រនាពេលកន្លងមក ប៉ុន្តែវាត្រូវបានគេជឿថា ចំនួននេះគឺនៅតិចជាងចំនួនពិតប្រាកដផង។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លង (CDC) បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សចំនួន ២៩៩,០២៨នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក ហើយមនុស្សបានស្លាប់ច្រើនបំផុតនៅចន្លោះថ្ងៃទី២៦ ខែមករា និងថ្ងៃទី០៣ ខែតុលា ប្រើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំពីមុនៗ។ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ២១៦,០០០នាក់ គិតត្រឹមពាក់កណ្ដាលខែនេះ។
អ្នកនិពន្ធការសិក្សាអ្នកស្រី Lauren Rossen មកពីមជ្ឈមណ្ឌលជាតិស្ថិតិនៃ CDC បានប្រាប់រ៉យទ័រថា៖«មានកត្តាជាច្រើន ដែលអាចរួមចំណែកដល់ការកើនឡើងនៃការស្លាប់ដោយសារជំងឺ COVID-19 ដោយប្រយោល ជាមួយនឹងការរំខានដល់ការថែទាំសុខភាពគឺជាកត្តាមួយ»។
ភាគរយនៃការស្លាប់ជាមធ្យមនៅឆ្នាំនេះមានការកើនឡើងខ្ពស់បើប្រៀបធៀបនឹងឆ្នាំមុន ដែលកើតឡើងក្នុងចំណោមជាតិសាសន៍ Hispanic (៥៣.៦%) ជាមួយនឹងការស្លាប់ ៣២.៩% ខ្ពស់ជាងមធ្យមភាគក្នុងចំណោមប្រជាជនស្បែកខ្មៅ និង ៣៦.៦% ជាមធ្យមសម្រាប់ប្រជាជនអាស៊ី។ CDC ក៏បានរកឃើញដែរថា ការស្លាប់ហួសប្រមាណបានកើតឡើងជារៀងរាល់សប្តាហ៍ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ និងឈានដល់ចំណុចកំពូលអំឡុងសប្ដាហ៍នៅថ្ងៃទី១១ និងទី៨ ខែសីហា៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia