ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកតវ៉ានៅប្រទេសថៃទុកពេលឱ្យលោក ប្រាយុទ្ធ ចានអូចា ចំនួន ៣ថ្ងៃ ដើម្បីចុះចេញពីតំណែងតាមសម្រួល

    BY autoadmin October 22, 2020
    អ្នកតវ៉ានៅប្រទេសថៃទុកពេលឱ្យលោក ប្រាយុទ្ធ ចានអូចា ចំនួន ៣ថ្ងៃ ដើម្បីចុះចេញពីតំណែងតាមសម្រួល

    មេដឹកនាំបាតុកម្មនៅប្រទេសថៃបានចេញឱសានវាទ (ពាក្យចុងក្រោយ) ទៅកាន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា ឱ្យចុះចេញពីតំណែង បើមិនដូច្នេះទេ គាត់នឹងប្រឈមជាមួយអ្នកតវ៉ាពេញដងផ្លូវជាថ្មីទៀត។ ថ្លែងទៅកាន់ហ្វូងបាតុករកាលពីថ្ងៃពុធ កញ្ញា Patsaravalee Tanakitvibulpon បាននិយាយថា៖«ប្រសិនបើគាត់មិនលាលែងពីតំណែងក្នុងរយៈពេល ៣ថ្ងៃ គាត់នឹងប្រឈមមុខនឹងមហាជនម្តងទៀត»។ ប៉ុន្មានម៉ោងបន្ទាប់ពីកញ្ញាបានថ្លែងបែបនេះ កញ្ញាក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាម ខណៈដែលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មេដឹកនាំបាតុករជាច្រើនត្រូវបានប៉ូលីសថៃចាប់ខ្លួនជាបន្ដបន្ទាប់។

    ទីក្រុងបាងកកប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ៨ថ្ងៃ ជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ ប៉ូលីសនិយាយថា មនុស្សរាប់ម៉ឺននាក់បានដើរក្បួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ហើយអ្នករៀបចំកម្មវិធីបាននិយាយថា ចំនួនអ្នកចូលរួមមានជិត ៥០,០០០នាក់។ ចំណែកលោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃពុធម្សិលមិញបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកក្រឹត្យបន្ទាន់ សម្រាប់រាជធានីបាងកក ប្រសិនបើគ្មានអំពើហឹង្សាណាមួយនោះទេ។ រំលឹកដែរថា ក្រឹត្យបន្ទាន់ហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ។

    ការតវ៉ានៅថ្ងៃពុធត្រូវបានគេមើលឃើញថាប្រកបដោយសន្តិវិធី ប៉ុន្តែក៏មានការទាស់គ្នាជាមួយពួករាជានិយម ដែលបានចេញមកការពារផងដែរ។ ការប្រមូលផ្តុំស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីបង្ហាញការគាំទ្រដល់គ្រួសាររាជវង្ស។

    ឬសគល់នៃការតវ៉ារបស់បាតុករបច្ចុប្បន្ន គឺដោយសារការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដែលក្រោយមកបានប៉ុន្មានខែលោក ប្រាយុទ្ធ ចានអូចា ដែលជាអតីតមេបញ្ជាការកងទ័ពនាពេលនោះ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃដោយមិនចាំបាច់មានសន្លឹកឆ្នោត។ ក្រោយមកបាន ៥ឆ្នាំ ប្រទេសថៃក៏មានការបោះឆ្នោតម្ដងទៀត ប៉ុន្តែលោក ប្រាយុទ្ធ នៅតែជាប់ជានាយករដ្ឋមន្ត្រី ទោះបីជាបក្សរបស់លោកមិនបានសំឡេងច្រើនក៏ដោយ ដែលនេះគឺដោយសារអំណាចយោធានៅក្នុងសភារបស់ថៃ។

    នៅឆ្នាំនេះសេដ្ឋកិច្ចរបស់ប្រទេសថៃបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺ COVID-19 ដែលវាបានធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រ កាន់តែឆ្ងាយពីគ្នាថែមទៀត។ ប៉ុន្តែទ្រព្យសម្បត្តិរបស់គ្រួសាររាជវង្សមានរហូតដល់ទៅរាប់ពាន់លានដុល្លារ ហើយព្រះមហាក្សត្រសព្វថ្ងៃ ចំណាយពេលភាគច្រើនរបស់ទ្រង់នៅឯក្រៅប្រទេស។ ប្រការនេះបាននាំឱ្យមានការតានតឹងក្នុងចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជន និងអំពាវនាវឱ្យមានកំណែទម្រង់ ទោះបីថៃមានច្បាប់ប្រឆាំងនឹងការរិះគន់ព្រះមហាក្សត្រក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: