ចំនួនអ្នកស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺផ្ដាសាយនៅកូរ៉េខាងត្បូង ពេលនេះបានកើនឡើងដល់ ១៣នាក់
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូងបានព្យាយាមស្វែងរកទំនុកចិត្តពីប្រជាជនឡើងវិញ ខណៈចំនួនពលរដ្ឋដែលបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការជំងឺផ្តាសាយតាមរដូវបានកើនឡើងដល់ ១៣នាក់។ យ៉ាងណាវេជ្ជបណ្ឌិតដឹកនាំការស៊ើបអង្កេតលើការស្លាប់បាននិយាយថា គាត់នៅតែមិនជឿថាវ៉ាក់សាំង និងអ្នកស្លាប់ត្រូវបានផ្សារភ្ជាប់គ្នានោះទេ។ ប៉ុន្តែជំនឿចិត្តលើកម្មវិធីវ៉ាក់សាំងត្រូវបានចុះថយ ហើយសមាគមវេជ្ជសាស្ត្រកូរ៉េបានអំពាវនាវឱ្យបញ្ឈប់វារហូតដល់មានការធានាសុវត្ថិភាពឡើងវិញ។

រហូតមកដល់ពេលនេះមានប្រជាជនប្រមាណ ១៣លាននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយនេះ។ ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយឥតគិតថ្លៃសម្រាប់អ្នកមានសិទិ្ធបានចំនួន ១៩លាននាក់ រួចមកហើយកាលពីខែមុន ខណៈដែលរដ្ឋាភិបាលព្យាយាមចៀសវាងការផ្ទុះឡើងនៃជំងឺផ្តាសាយធំ ស្របពេលដែលកំពុងស្ថិតក្នុងសម័យកាលជំងឺ COVID-19 ផងនោះ។ ក្នុងចំណោមអ្នកដែលបានស្លាប់ គឺមានក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលបានស្លាប់ ២ថ្ងៃ បន្ទាប់ពីទទួលថ្នាំបង្ការជំងឺផ្តាសាយ គឺជាករណីដំបូងដែលត្រូវបានកត់សម្គាល់ដោយមន្រ្តី។
អ្នកស្លាប់ផ្សេងទៀតមានវ័យចំណាស់ទាំងអស់ ដោយយ៉ាងហោចណាស់មាន ៨នាក់ ស្ថិតក្នុងអាយុ ៧០ ឬ ៨០ឆ្នាំ ហើយពួកគាត់ក៏មានជំងឺផ្សេងជាប់ខ្លួនស្រាប់ផងដែរ។ នេះជាលើកទី២ហើយសម្រាប់កូរ៉េខាងត្បូង ដែលទំនុកចិត្តចំពោះកម្មវិធីវ៉ាក់សាំងត្រូវបានបាត់បង់។ មុននេះវាត្រូវបានផ្អាករយៈពេល ៣សប្តាហ៍ បន្ទាប់ពីវ៉ាក់សាំងប្រមាណ ៥លានដូស ដែលត្រូវការដាក់នៅក្នុងទូរទឹកកកជាចាំបាច់ បានប៉ះជាមួយសីតុណ្ហភាពខាងក្រៅ ខណៈពេលដែលត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC