បងប្អូនខំស្កាត់ពីឆ្ងាយមកញ៉ាំអាហារជុំគ្រួសារ ស្រាប់តែពុលមីស្លាប់អស់ ៩ នាក់
ចិន៖ ពិធីជួបជុំសមាជិកគ្រួសារនិងពិសារអាហារពេលល្ងាចរួមគ្នាមួយបានប្រែក្លាយទៅជារឿងសោកសៅបំផុត ព្រោះតែសមាជិកគ្រួសារចំនួន ៩ នាក់ក្នុងចំណោម ១២ បានស្លាប់ជាបន្តបន្ទាប់ព្រោះតែពុលអាហារដែលពួកគេបានញ៉ាំជាមួយគ្នានោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Chinadaily បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Jixi ខេត្ត Heilongjiang ភាគខាងត្បូងប្រទេសចិន។ ប្រភពបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះសមាជិកនៃគ្រួសាររងគ្រោះខាងលើបានធ្វើដំណើរមកពីទីកន្លែងផ្សេងៗគ្នាដើម្បីជួបជុំគ្នាហើយពួកគេបានធ្វើមីម្យ៉ាង មានឈ្មោះថា ‘Suantangzi’ ដែលជាមីសរសៃធំៗធ្វើពីម្សៅពោតសម្រាប់ញ៉ាំជុំគ្នា។

យ៉ាងណាក្តី ក្មេងៗចំនួន ៣ នាក់មិនបានញ៉ាំមីនេះទេ ព្រោះតែពួកគេមិនចេះញ៉ាំដែលមីដែលមានរសជាតិរបៀបនោះ ហើយពួកគេក៏មានសំណាងល្អមិនពុលមីស្លាប់ដែរ។ ដោយឡែកសមាជិកគ្រួសារចំនួន ៨ នាក់បានពុលមីស្លាប់នៅម៉ោងប្រមាណជា ១១ យប់នៅថ្ងៃកើតហេតុនោះ ខណៈស្រីវ័យ ៤៧ ឆ្នាំបានបញ្ជូនទៅដល់មន្ទីរពេទ្យ និងស្លាប់នៅថ្ងៃបន្ទាប់។ តាមការពិនិត្យរបស់ក្រុមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា នៅក្នុងមីនោះមានផ្ទុកនូវអាស៊ីត Bongkrekic ច្រើនលើសកម្រិត ដែលអាស៊ីតប្រភេទនេះត្រូវបានគេចាត់ទុកថា ជាសារធាតុពុលដ៏គ្រោះថ្នាក់ដែលអាចបង្កឲ្យមនុស្សនិងសត្វពុលស្លាប់ភ្លាមៗផងដែរ។ លើសពីនេះទៅទៀតគេបានរកឃើញថា គ្រឿងផ្សំដែលនៅក្នុងមីនោះដូចជាផ្សិតជាដើមសុទ្ធតែជារបស់ដែលបានក្លាសេទុកជាងមួយឆ្នាំមកហើយនិងគ្មានសុវត្ថិភាពសម្រាប់ទទួលទាននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Chinadaily