WHO នៅតែនិយាយដដែលៗថាថ្នាំ Remdesivir គ្មាន ឬ មានប្រសិទ្ធិភាពតិចតួច សម្រាប់ការព្យាបាលជំងឺកូវីដ១៩ បើទោះបី FDA អាមេរិកអនុម័តច្បាប់ឱ្យក៏ដោយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយម្ដងហើយម្ដងទៀតថា ថ្នាំប្រឆាំងវីរុស Remdesivir មានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធិភាពទាល់តែសោះ សម្រាប់ការព្យាបាលជំងឺ COVID-19។ វាជាការលើកឡើងរបស់ប្រធានអ្នកវិទ្យាសាស្ត្រ WHO អ្នកស្រី Soumya Swaminathan នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃសុក្រ។ ជម្រាបដែរថាថ្នាំ Remdesivir នេះត្រូវបានរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក អនុម័តឱ្យប្រើជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ហើយថ្នាំនេះក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់ នៅតាមបណ្ដាប្រទេសមួយចំនួន រួមទាំងជប៉ុនផងដែរ។

កាលពីថ្ងៃទី១៥ ខែតុលា អង្គការសុខភាពពិភពលោកបានប្រកាសលទ្ធផលបណ្តោះអាសន្ន សម្រាប់ការសាកល្បងគ្លីនិករបស់ខ្លួន ដោយនិយាយថាថ្នាំនេះមើលទៅហាក់ដូចជាមានប្រសិទ្ធភាពតិចតួច ឬគ្មានប្រសិទ្ធភាពទាល់តែសោះក្នុងការការពារហានិភ័យស្លាប់ ឬកាត់បន្ថយពេលវេលានៅក្នុងមន្ទីរពេទ្យ។ អ្នកស្រី Swaminathan បាននិយាយថា លទ្ធផលនៃការសាកល្បងនេះមិនមែនជារការឆ្លើយតបទៅក្នុងសេចក្តីសម្រេចរបស់ FDA ក្នុងការអនុម័តលើថ្នាំនោះទេ។
អ្នកស្រីបាននិយាយថា ការសាកល្បងរបស់ខ្លួនគឺធំបំផុតនាពេលបច្ចុប្បន្ន ហើយលទ្ធផលគឺរឹងមាំ ដោយសារការវិភាគទិន្នន័យ និងធាតុផ្សេងទៀតត្រូវបានអនុវត្តតាមស្តង់ដារខ្ពស់បំផុត។ មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់ទៀតដែលទទួលបន្ទុកផ្នែកព្យាបាលបានឱ្យដឹងថា ទីភ្នាក់ងារនេះនឹងចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់ Remdesivir ក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍ខាងមុខ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK