ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនព្រមានដាច់ខាត ហាមមិនឱ្យចក្រភពអង់គ្លេសផ្តល់សញ្ជាតិដល់ប្រជាជនហុងកុងនោះទេ

    BY autoadmin October 24, 2020
    ប្រទេសចិនព្រមានដាច់ខាត ហាមមិនឱ្យចក្រភពអង់គ្លេសផ្តល់សញ្ជាតិដល់ប្រជាជនហុងកុងនោះទេ

    ប្រទេសចិនបានប្រាប់អង់គ្លេសឱ្យកែកំហុសរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីចក្រភពអង់គ្លេសបានបញ្ជាក់ជាថ្មីពីផែនការរបស់ខ្លួន ក្នុងការផ្តល់សញ្ជាតិអង់គ្លេសដល់ប្រជាជនជិត ៣លាននាក់ ដែលរស់នៅហុងកុង។ ការផ្តល់ជូននេះត្រូវបានធ្វើឡើងនៅក្នុងខែកក្កដា នៅពេលដែលទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងមួយ ទៅលើអតីតទឹកដីក្រោមអាណានិគមអង់គ្លេសមួយនេះ។ ចំណែកក្រុមអ្នករិះគន់និយាយថា វាធ្វើឱ្យអន្តរាយដល់សេរីភាពស៊ីវិលដែលប្រទេសចិនធ្លាប់បានយល់ព្រមគាំទ្រ នៅពេលដែលទីក្រុងហុងកុងត្រូវបានប្រគល់ឱ្យវិញនៅឆ្នាំ១៩៩៧។

    យ៉ាងណាការផ្តល់ជូនរបស់អង់គ្លេសមិនមែនសម្រាប់ប្រជាជនហុងកុងទាំងអស់នោះទេ ប៉ុន្តែសម្រាប់តែអ្នកដែលកាន់លិខិតឆ្លងពលរដ្ឋអង់គ្លេសនៅក្រៅប្រទេស (BNO) ប៉ុណ្ណោះ។ មានតែអ្នកដែលកើតមុនឆ្នាំ១៩៩៧ នៅមុនពេលអង់គ្លេសប្រគល់ទឹកដីទៅឱ្យប្រទេសចិនប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់។ យោងតាមអគ្គកុងស៊ុលអង់គ្លេសនៅហុងកុងបានឱ្យដឹងថា ប្រជាជនហុងកុងប្រហែល ៣០០,០០០នាក់ បច្ចុប្បន្នកាន់លិខិតឆ្លងដែន BNO ខណៈដែលមនុស្សប្រមាណ ២.៩ លាននាក់ មានសិទ្ធិទទួលបានលិខិតឆ្លងដែននេះ។

    ក្រុមអ្នកវិភាគរដ្ឋាភិបាលអង់គ្លេសប៉ាន់ស្មានថា មានប្រជាជនរហូតដល់ ១លាននាក់ អាចទទួលយកការផ្តល់ជូនទៅរស់នៅក្នុងចក្រភពអង់គ្លេសនៅពេលដែលទិដ្ឋាការថ្មីមាននៅក្នុងខែមករា។ ទោះយ៉ាងណាក្រុមអ្នករិះគន់និយាយថា ច្បាប់ទិដ្ឋការថ្មីនឹងមិនអាចការពារក្រុមបាតុករវ័យក្មេងកើតក្រោយឆ្នាំ១៩៩៧ ហើយត្រូវបានកំណត់គោលដៅជាចម្បងដោយច្បាប់សន្តិសុខនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: