ព្យុះទីហ្វុង GONI សម្លាប់ពលរដ្ឋហ្វីលីពីន២០នាក់ទើបផុតមិនទាន់បានប៉ុន្មាន ឥលូវព្យុះមួយទៀតត្រៀមវាយប្រហារហ្វីលីពីនមួយតង់ទៀត
កាលពីថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ម្សិលមិញនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានព្រមានអំពីព្យុះស៊ីក្លូនថ្មីមួយទៀត ដែលអាចបំផ្លាញដល់ប្រទេសរបស់គាត់ ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង GONI ដែលជាព្យុះខ្លាំងបំផុតនៅឆ្នាំនេះ បានកើនឡើងដល់ ២០នាក់។ ព្យុះទីហ្វុង GONI បានបោកបក់ខេត្តភាគខាងត្បូងនៃរដ្ឋធានីម៉ានីលកាលពីថ្ងៃអាទិត្យ ដោយមានខ្យល់បក់ខ្លាំងរហូតដល់ ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង និងគឺជាព្យុះទី១៨ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ។

ព្យុះទីហ្វុង Goni ក៏ជាព្យុះទីហ្វុងខ្លាំងបំផុតចាប់តាំងពីព្យុះ Haiyan ដែលបានសម្លាប់មនុស្សជាង ៦ ៣០០នាក់ ក្នុងឆ្នាំ ២០១៣ ផងដែរ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះកាលពីថ្ងៃច័ន្ទបាននិយាយថា មនុស្ស ២០នាក់ បានស្លាប់នៅក្នុងខេត្ត Albay និង Catanduane ដែលកើនឡើងពីចំនួន ១៦នាក់ ដែលវាបានរាយការណ៍ពីដំបូង។ ក្រុមមន្រ្តីបាននិយាយថា ការជម្លៀសប្រជាជនបានជាង ៣៤៥,០០០ នាក់ បានចូលរួមបញ្ចៀសការស្លាប់បានច្រើនពីគ្រោះធម្មជាតិនេះ។ ឥឡូវព្យុះមួយទៀតឈ្មោះថា Atsani ដែលមានកម្លាំងរហូតដល់ ៨០ គីឡូម៉ែត្រ កំពុងបង្កើនកម្លាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយគេរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅចុងសប្តាហ៍នេះ៕




អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia