យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ បានស្លាប់ និងជាង ២០នាក់ បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលសាកលវិទ្យាល័យមួយក្នុងទីក្រុងកាប៊ុល
ក្រុមប្រដាប់អាវុធមួយក្រុមបានវាយលុកចូលសាកលវិទ្យាល័យមួយ ក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ និងជាង ២០នាក់ ផ្សេងទៀតរងរបួស។ រដ្ឋាភិបាលបាននិយាយថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ បន្ទាប់ពីមានការផ្ទុះមួយនៅក្បែរនោះកាលពីថ្ងៃច័ន្ទ។ ពួកគេបានបាញ់ប្រហារដោយមិនរើសមុខ និងបានបាញ់ប្រហារគ្នាជាមួយកងសន្តិសុខផងដែរ។

ក្រសួងមហាផ្ទៃបាននិយាយថា អ្នកស្លាប់រួមមានទាំងនិស្សិតដែលសិក្សានៅទីនោះ ហើយអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងបាននិយាយថា ខ្មាន់កាំភ្លើងមានគ្នា ៣នាក់ និងជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ដែលពួកគេទាំងអស់សុទ្ធតែត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មាននិស្សិតនិងបុគ្គលិករាប់រយនាក់ នៅឯបរិវេណសាលានៅពេលដែលមានការវាយលុកនោះ។ ជម្រាបដែរថាស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានមិនបានបង្ហាញសញ្ញានៃភាពប្រសើរឡើងទេ ដោយសារប្រទេសនេះរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធ និងក្រុមដទៃទៀត៕




អត្ថបទ៖ លីដា
ប្រភព៖ NHK