អាជ្ញាធរថៃសម្រេចបិទគេហទំព័ររឿងអាសអាភាស Pornhub នៅក្នុងប្រទេសជាផ្លូវការ ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Khaosod បានឲ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចបិទគេហទំព័រសម្រាប់មើលរឿងអាសអាភាសដ៏ល្បីមួយឈ្មោះថា Pornhub មិនឲ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួនជាផ្លូវការ។ គួរម្លឹកជូនថា Pornhub បានក្លាយជាគេហទំព័រសម្រាប់ចូលរឿងអាសអាភាពដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងចំណោមយុវវ័យថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយយុវវ័យថៃទាំងនោះបានប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ សម្រាប់ចូលមើលរឿងអាសអាភាសក្នុងគេហទំព័រមួយនេះយ៉ាងងាយស្រួលបំផុត។

យ៉ាងណាក្តី កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមថៃ ដែលអនុញ្ញាតឲ្យយុវជនថៃអាចចូលមើលគេហទំព័រមួយនេះដោយងាយស្រួលខ្លាំងពេក ហើយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះក៏បានស្នើឲ្យរដ្ឋាភិបាលបិទគេហទំព័រនេះចោលផងដែរ ដើម្បីលើកកម្ពស់សីលធម៌ក្នុងចំណោមយុវជនថៃ។
ការរិះគន់បានបន្តកើតមានជាហូរហែក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ រហូតធ្វើឱ្យរដ្ឋាភិបាលបានសម្រេចបិទគេហទំព័រនេះតែម្តង ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ២០០៧ ដែលមានន័យថាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសថៃមិនអាចបើកគេហទំព័រមួយនេះបានឡើយ ពោលគឺនៅពេលដែលលោកអ្នកចុចចូលក្នុងគេហទំព័រភ្លាមវានឹងលោតចេញអក្សរថា “This content has been suspended” (មាតិកានេះត្រូវបានផ្អាក) ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod