ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមចាប់ផ្ដើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនជាអ្នកបង្កើតទៅលើសត្វស្វា មុនឈានដល់ការតេស្ដសាកល្បងលើមនុស្សនាពេលខាងមុខ

    BY autoadmin November 3, 2020
    វៀតណាមចាប់ផ្ដើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនជាអ្នកបង្កើតទៅលើសត្វស្វា មុនឈានដល់ការតេស្ដសាកល្បងលើមនុស្សនាពេលខាងមុខ

    យោងតាមក្រុមហ៊ុនផលិតវ៉ាក់សាំងនិងជីវសាស្រ្ត (Vabiotech) ក្រោមការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បានចាប់ផ្តើមហើយ ជាមួយនឹងការសាកល្បងនៅលើសត្វស្វា។ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះបានចាប់ផ្តើមការសាកល្បងលើសត្វស្វាចំនួន ១២ក្បាល ដែលជាប្រភេទស្វាមួយប្រភេទនៃគ្រួសារ Macaca mulatta ។ ចំណែកលទ្ធផលនៃការធ្វើតេស្តលើសត្វស្វានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់ សម្រាប់ការធ្វើតេស្តវ៉ាក់សាំងលើមនុស្ស។

    ប្រធានក្រុមហ៊ុន Vabiotech លោក Do Tuan Dat បាននិយាយថា ការសាកល្បងបានធ្វើឡើងនៅលើកោះមួយនៅភាគខាងជើងខេត្ត Quang Ninh ដោយសត្វស្វាមានអាយុពី ៣ ទៅ ៥ឆ្នាំ មានទម្ងន់ច្រើនជាង ៣ គីឡូក្រាម និងត្រូវបានបែងចែកជា ២ក្រុម។ បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង សត្វស្វានឹងត្រូវបានត្រួតពិនិត្យរយៈពេល ៣ខែ មុនពេលឈាមរបស់ពួកគេត្រូវបានគេយកទៅធ្វើការវិភាគបន្តទៀត។ ការធ្វើតេស្ដសាកល្បងវ៉ាក់សាំងនៅលើមនុស្សនាពេលខាងមុខ ក៏ទំនងជាប្រើវិធីសាស្ត្រស្រដៀងគ្នានេះ។

    សត្វស្វានឹងត្រូវចាក់វ៉ាក់សាំង ២ដង ដែលមានរយៈពេលពី ១៨ ទៅ ២១ថ្ងៃ។ មួយខែបន្ទាប់ពីការចាក់ថ្នាំលើកទី២ អ្នកស្រាវជ្រាវនឹងវាយតម្លៃពីភាពស៊ាំរបស់ស្វា ដើម្បីមើលភាពខុសគ្នារវាងក្រុមចាក់ និងក្រុមដែលមិនចាក់។ គួរឱ្យដឹងដែរថាកាលពីដើមខែមិថុនា ក្រុមហ៊ុន Vabiotech ក៏ធ្លាប់បានធ្វើតេស្តវ៉ាក់សាំងលើសត្វកណ្តុរផងដែរ ខណៈដែលទិន្នន័យក៏ត្រូវបានប្រមូលរួចរាល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Shine

    Share This Post: