កម្ចាត់រោមចេញពីផ្ទៃមុខបានយ៉ាងងាយ ជាមួយនឹងវិធីសាស្ត្របែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់ទាំងនេះ
ខាងក្រោមជាវិធីសាស្ត្រងាយៗដើម្បីកម្ចាត់រោមចេញពីផ្ទៃមុខរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព ដោយមិនផ្ដល់ការឈឺចាប់ខ្លាំងដែលអ្នកគួរតែសាកល្បងអនុវត្តន៍ ៖
១. ខ្ទឹមបារាំង និងម្រះព្រៅ ៖ អ្វីដែលត្រូវការ គឺខ្ទឹមបារាំងទំហំសមល្មមចំនួន ២ មើម និងស្លឹកម្រះព្រៅចំនួនពី ១០ ទៅ ១២ ស្លឹក។ ស្វែងរកភ្នាសស្ដើងៗដែលនៅចន្លោះស្រទាប់នីមួយនៃខ្ទឹមបារាំង។ បន្ទាប់មកចាប់ផ្ដើមយកស្រទាប់សាច់ស្ដើងៗទាំងនោះបុកកំទេច ឬកិនជាមួយនឹងស្លឹកម្រះព្រៅឲ្យក្លាយជាល្បាយម៉ត់ខាប់ៗ។ លាបល្បាយលើតំបន់ស្បែកមុខដែលមានរោម ហើយទុកចោលបែបនេះសម្រាប់រយៈពេលប្រហែលពី ២០ ទៅ ២៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបានពី ៣ ទៅ ៤ ដង សម្រាប់រយៈពេលពី ១ ទៅ ២ ខែ។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។

២. ប្រេងឡាវ៉េនដឺ និងប្រេងដើមតែ ៖ អ្វីដែលត្រូវការ គឺប្រេងឡាវ៉េនដឺចំនួន ១ ស្លាបព្រាកាហ្វេ និងប្រេងដើមតែចំនួនពី ៤
ទៅ ៦ ដំណក់។ លាយប្រេងទាំង ២ ប្រភេទចូលក្នុងចានគោមមួយ។ កូរលាយឲ្យសព្វ សឹមលាបល្បាយប្រេងនេះទៅលើរោមមុខ។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ ខែ។ រូបមន្តនេះប្រើប្រាស់សម្រាប់ប្រភេទស្បែកមុខខ្លាញ់ និងមុន។

៣. ទឹកឃ្មុំ និងស្ករស ៖ អ្វីដែលត្រូវការ គឺទឹកឃ្មុំចំនួន ១ ស្លាបព្រាបាយ ស្ករសចំនួន ២ ស្លាបព្រាបាយ និងទឹកធម្មតាចំនួន ១ ស្លាបព្រាបាយ។ ចាក់ស្ករសចូលក្នុងចានគោមមួយ បន្ទាប់មកបន្ថែមទឹកឃ្មុំ និងទឹកធម្មតាចូល។ ដាក់ល្បាយចូលក្នុងម៉ាស៊ីនកម្ដៅម្ហូបសម្រាប់រយៈពេលប្រហែលជា ៣០ វិនាទី រហូតដល់ស្កររលាយ។លាយល្បាយលើផ្ទៃមុខត្រង់កន្លែងដែលមានរោម បន្ទាប់មកដាក់បន្ទះក្រណាត់បិតលើកន្លែងដែលលាបល្បាយ ហើយទុកចោលរហូតដល់ចុះត្រជាក់សម្រាប់រយៈពេលពីរបីវិនាទីសិន សឹមទាញបន្ទះក្រណាត់ចេញក្នុងទិសដៅបញ្ច្រាស ឬផ្ទុយពីរោមដែលកំពុងលូតលាស់។ អនុវត្តន៍សារឡើងវិញបានញឹកញយតាមតម្រូវការ។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។

៤. ម្ស៉ៅធញ្ញជាតិ និងចេក ៖ អ្វីដែលត្រូវការ គឺម្ស៉ៅធញ្ញជាតិចំនួន ២ ស្លាបព្រាបាយ និងចេកទុំ ១ ផ្លែ។ កិនផ្លែចេកឲ្យក្លាយជាម៉ត់ខាប់ៗ។ លាយម្ស៉ៅធញ្ញជាតិ និងចេកដែលកិនហើយចូលគ្នាក្នុងចានគោមមួយ។ លាបល្បាយឲ្យច្រើនលើតំបន់ដែលស្បែកមុខដែលដុះរោម ហើយដុសវាក្នុងចលនាបែបរង្វង់។ ទុកចោលលើផ្ទៃមុខសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកត្រជាក់។ អនុវត្តន៍សារឡើងវិញឲ្យបានពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។

៥. ស៊ុត និងម្ស៉ៅពោត ៖ អ្វីដែលត្រូវការ គឺស៊ុត ១ គ្រាប់ ម្ស៉ៅពោត កន្លះស្លាព្រាបាយ និងស្ករស ១ ស្លាបព្រាបាយ។ គោះបំបែកស៊ុត ហើយចាក់យកតែផ្នែកពណ៌សរបស់វាចូលក្នុងចានគោមមួយ។ បន្ថែមស្ករស និងម្ស៉ៅពោតចូល ហើយកូរឲ្យសព្វចូលគ្នាក្លាយជាល្បាយម៉ត់ខាប់ៗ។ លាបល្បាយលើផ្ទៃមុខរបស់អ្នកហើយទុករហូតដល់វាស្ងួតសម្រាប់រយៈពេលប្រហែលពី ២០ ទៅ ២៥ នាទី។ នៅពេលដែលល្បាយប្រែជារឹងល្មមហើយនោះ ចាប់ផ្ដើមប៉ះវាចេញ។ អនុវត្តន៍សារឡើងវិញឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះមិនសាកសមសម្រាប់ស្បែកមុខមុន និងស្ដើងឆាប់ប្រតិកម្មឡើយ។

៦. ផ្លែល្ហុង និងរមៀត ៖ អ្វីដែលត្រូវការ គឺល្ហុងទុំស្រគៀល ១ ផ្លែ និងម្ស៉ៅរមៀត កន្លះស្លាបព្រាកាហ្វេ។ ចិតសំបកល្ហុងចេញ និងកាត់វាទៅជាដុំតូចៗ ហើយកិនកំទេចឲ្យក្លាយជាម៉ត់ខាប់ៗ។ លាយល្បាយល្ហុងជាមួយនឹងម្ស៉ៅរមៀត។ លាបល្បាយលើតំបន់ផ្ទៃមុខដែលដុះរោមក្នុងចលនាម៉ាស្សាថ្នមៗ ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍សារឡើងវិញឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះ គឺប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទស្បែក។

៧. ដើម្បីកម្ចាត់រោមមុខចេញបានដោយមានប្រសិទ្ធិភាព អ្នកត្រូវចាំចំណុចសំខាន់ៗមួយចំនួននេះ ៖
– ត្រូវមានភាពអត់ធ្មត់នៅពេលព្យាយាមអនុវត្តន៍វិធីសាស្ត្របែបធម្មជាតិ ខណៈដែលពួកវាត្រូវការពេលយូរដើម្បីបង្ហាញពីលទ្ធផល។
– ត្រូវធ្វើការស្ទីមសិន នៅមុនពេលប្រើប្រាស់រូបមន្តណាមួយដើម្បីជាការបើករន្ធញើសនៃស្បែករបស់អ្នក។
– ក្រោយពេលអនុវត្តន៍រូបមន្តណាមួយរួច ចូរសម្អាតមុខឲ្យបានត្រឹមត្រូវ។
– ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ រួមបញ្ចូលទាំងទឹកផ្លែឈើ និងបន្លែស្រស់ ដើម្បីរក្សាបាននូវស្បែកដែលមានសំណើម និងរាល់វីតាមីនដែលចាំបាច់សម្រាប់ស្បែក។
– ដើម្បីរក្សាបាននូវតុល្យភាពអ័រម៉ូន និងកាត់បន្ថយការដុះរោមដែលមិនចង់បាន ឬត្រូវការ ចូររៀបចំទទួលទានរបបអាហារសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
– ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនប្រក្រតីដូចជា ការដុះរោមដែលរួមមកជាមួយនឹងរូបរាងប្រែប្រួលណាមួយនៃសាច់ដុំជាក់លាក់ដូចជា ទំហំសុដន់ថយចុះជាដើម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside