យ៉ាងហោចណាស់កុមារនៅអាមេរិកប្រមាណ ៨៥០ ០០០ នាក់ បានឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីប្រទេសនេះមានការរីករាលដាលជំងឺដំបូង
បើយោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារអាមេរិកបានឱ្យដឹងថា កុមារប្រមាណជាង ៨៥០,០០០ នាក់ នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 ចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 ដំបូង។ យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីលើកុមារថ្មីៗសរុបចំនួន ៦១,៤៤៧ នាក់ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែតុលា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការរាតត្បាតរាលដាលបានចាប់ផ្តើម។ សូម្បីតែកាលពីក្នុងខែតុលា មានករណីលើកុមារជិត ២០០ ០០០ នាក់ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេស។

កុមារសរុបចំនួន ៨៥៣,៦៣៥ នាក់ ត្រូវបានរាយការណ៍ថាឆ្លងជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយកុមារបានចូលរួមចំណែក ១១.១% នៃចំនួនអ្នកឆ្លងទាំងអស់។ ពោលគឺកុមារ ១,១៣៤ នាក់ ក្នុងចំណោម ១០០,០០០ នាក់ នៃចំនួនប្រជាជនសរុបបានឆ្លងជំងឺ COVID-19 ។ កុមារចូលរួមចំណែកពី ១ ទៅ ៣.៥ ភាគរយ នៃចំនួននៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប និងពី ០ ទៅ ០.២ ភាគរយ នៃការស្លាប់ទាំងអស់។ ប៉ុន្តែយ៉ាងណាក៏ដោយគេសង្កេតឃើញថា កុមារមានអត្រាស្លាប់ទាប បើធៀបនឹងមនុស្សវ័យចំណាស់ ឬវ័យកណ្ដាល៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN