ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើង បានចេញច្បាប់ហាមឃាត់មិនឱ្យមានការជក់បារីនៅទីសាធារណៈឡើយ

    BY autoadmin November 5, 2020
    ប្រទេសកូរ៉េខាងជើង បានចេញច្បាប់ហាមឃាត់មិនឱ្យមានការជក់បារីនៅទីសាធារណៈឡើយ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា សភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើងនៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា បានណែនាំការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីផ្តល់ឱ្យប្រជាជននូវ «បរិស្ថានរស់នៅប្រកបដោយអនាម័យ» ។ KCNA បានដកស្រង់សម្តីសមាជិកសភាបាននិយាយថា ច្បាប់ហាមជក់ថ្នាំជក់មានគោលបំណងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង ដោយរឹតបន្តឹងការត្រួតពិនិត្យផ្នែកច្បាប់ និងសង្គមទៅលើការផលិត និងការលក់បារី។

    KCNA បាននិយាយថា ច្បាប់បានចែងថាការជក់បារីត្រូវបានហាមឃាត់នៅក្នុងកន្លែងជាក់លាក់មួយ ដូចជាមជ្ឈមណ្ឌលអប់រំនយោបាយនិងមនោគមវិជ្ជា រោងភាពយន្តនិងរោងកុន និង មូលដ្ឋានសុខាភិបាលនិងសុខភាពសាធារណៈ។ គួរឱ្យដឹងដែរថាប្រទេសកូរ៉េខាងជើងមានអត្រាខ្ពស់នៃការជក់បារីក្នុងចំណោមបុរសចំនួន ៤៣.៩% គិតត្រឹមឆ្នាំ២០១៣ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

    ចំណែកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ថាជាអ្នកងប់នឹងជក់បារី ដែលត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយនឹងបារីនៅក្នុងដៃ នៅក្នុងរូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ លោក គីម ត្រូវបានគេប្រទះឃើញឈប់ដើម្បីជក់បារីនៅស្ថានីយ៍រថភ្លើងមួយ នៅទីក្រុងណាននីង ភាគខាងត្បូងប្រទេសចិន ក្នុងឆ្នាំ២០១៩ នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីក្រុងហាណូយ សម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: