ព្រះសង្ឃថៃមួយអង្គបានរត់ចេញពីវត្ត បន្ទាប់ពីបានត្រូវឆ្នោត ១៨លានបាត ហើយមនុស្សម្នាបានសម្រុកទៅសុំលុយពីព្រះអង្គឥតឈប់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts បានឱ្យដឹងថា ព្រះសង្ឃថៃមួយអង្គបានបង្ខំចិត្តចាកចេញពីវត្តមួយក្នុងទីក្រុងបាងកក បន្ទាប់ពីលោកបានត្រូវឆ្នោតផ្សងសំណាងលេខធំ ហើយក្រោយមកក៏មានអ្នកតាមមកសុំលុយពីគ្រប់ទិសទី។ ប្រភពបាននិយាយថា ព្រះសង្ឃអង្គនោះបានត្រូវឆ្នោតរង្វាន់ ១៨លានបាត ឬជាង ៥៨០,០០០ ដុល្លារអាមេរិក ដែលជំរុញឱ្យមនុស្សម្នាទៅប្រមូលផ្តុំគ្នានៅក្នុងវត្ត រំខានដល់បព្វជិតរាល់យប់ និងធ្វើឱ្យគ្រប់គ្នាពិបាកសម្រាក។

ជំនួយការព្រះចៅអធិការវត្តលោក Sitthi Woradit នៅវត្ត Thinnakorn Nimit បាននិយាយកាលពីម្សិលមិញថា ព្រះសង្ឃឈ្មោះ Ajahn Montri Samujjo ដែលមានព្រះជន្ម ៦៧វស្សា លែងគង់នៅវត្តនេះតទៅទៀតហើយ។ លោកបានបន្ថែមថា មនុស្សមកពីគ្រប់ទិសទីបានសម្រុកមកសុំលុយលោក ដូច្នេះហើយព្រះអង្គសុំទៅគង់នៅវត្តផ្សេង ដោយមិនបានបញ្ជាក់ប្រាប់ថាវត្តមួយណាឡើយ។ ប៉ុន្តែបើនិយាយទៅគឺការចាក់ឆ្នោត មិនសមរម្យសម្រាប់ព្រះសង្ឃឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts