បេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន កាន់តែរំកិលកៀកនឹងក្លាយជាប្រធានាធិបតីអាមេរិកឆាប់ៗ
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅតែមិនទាន់ប្រកាសពេញលេញជាផ្លូវការ ប៉ុន្តែឱកាសនៃការឈ្នះរបស់បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ គឺលោក ចូ បាយដិន បានរំកិលកាន់តែកៀកជាបណ្ដើរៗទៅហើយ។ ឥឡូវនេះលោក ចូ បាយដិន កំពុងតែនាំមុខសំឡេងនៅរដ្ឋ Pennsylvania ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋសំខាន់ៗមានសំឡេងច្រើន។ ប៉ុន្តែយ៉ាងណាបេក្ខភាពរបស់បក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាថានឹងប្រកួតប្រជែងនឹងលទ្ធផលនេះ។

ប្រសិនបើលោក ចូ បាយដិន ឈ្នះបានរដ្ឋ Pennsylvania លោកនឹងមានសំឡេងឆ្នោតច្រើនជាង ២៧០ ដែលគ្រប់គ្រាន់ សម្រាប់ដំណើរទៅកាន់សេតវិមានរបស់គាត់។ លោក ចូ បាយដិន ក៏នៅតែរក្សាការនាំមុខនៅរដ្ឋ Georgia, Nevada និង Arizona ផងដែរ។ យ៉ាងណាមន្រ្តីមូលដ្ឋាននៅក្នុងរដ្ឋ Georgia រំពឹងថា នឹងមានការរាប់សន្លឹកឆ្នោតឡើងវិញដែលអាចត្រូវបានស្នើសុំដោយបេក្ខជនដែលចាញ់ ប្រសិនបើលទ្ធផលសរុបគឺខុសគ្នាតែ ០.៥ % ។
កម្រិតដូចគ្នានេះនឹងបង្កឱ្យមានការរាប់ឡើងវិញដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋ Pennsylvania ព្រោះវាជាទីដែលគណបក្សសាធារណរដ្ឋកំពុងស្នើសុំតុលាការកំពូលសហរដ្ឋអាមេរិក ឱ្យបំបែកសន្លឹកឆ្នោតដែលបានផ្ញើមកតាមអ៉ីមែលបន្ទាប់ពីថ្ងៃបោះឆ្នោត។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ការបោះឆ្នោតទាំងនោះគឺជាអំពើខុសច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រលោកបាននិយាយថា ក្រុមរបស់លោកនឹងប្រើប្រាស់គ្រប់ផ្នែកនៃច្បាប់ដើម្បីប្រឆាំងនឹងការរាប់សន្លឹកឆ្នោតទាំងនោះ។
ចំណែកខាងក្រុមយុទ្ធនាការរបស់លោក ចូ បាយដិន និយាយថាគាត់នឹងថ្លែងទៅកាន់ប្រទេសជាតិនៅយប់ថ្ងៃសុក្រ។ មុននេះគាត់បាននិយាយថា គាត់គ្មានការសង្ស័យទេដែលគាត់នឹងត្រូវបានប្រកាសថាជាអ្នកឈ្នះនៅពេលដែលការរាប់សន្លឹកឆ្នោតចប់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK